(ភ្នំពេញ)​៖ កូន​តុងទីន​ជាង១០​នាក់មកពីខណ្ឌជ្រោយចង្វារ ​នៅ​យប់​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បានផ្ទុះ​កំហឹង​រហូតលើកគ្នាទៅតវ៉ា ដោយស្រែក​ឡូឡា​ថែម​ទាំង​ទាញ​រនាំង​ដែក​បោក​ខ្ទប់​នឹង​របង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទាំងយប់ដោយ​ចោទប្រកាន់​ថា​ «តុលាការ​ពុករលួយ​ រឿង​​ដោះលែង​ស្ត្រី​ម្នាក់​ដែល​ឆបោក​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក​»។

សម្រាប់ការតវ៉ានេះលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះថា លោកបានទទួលព័ត៌មាន នេះហើយ និងកំពុងសួរនាំបន្តទៀត ហើយបើសិនរកឃើញថា ពួកគេបានវាយបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ និងតុលាការនោះ ពួកគេអាចនឹងប្រឈមតាមផ្លូវច្បាប់។ តែយ៉ាងណាក៏ដោយនោះលោក កោ វណ្ឌី ក៏បានបញ្ជាក់ផងដែរ បើសិនជាករណីនេះតូចតាច នោះអាចធ្វើការសម្របសម្រួលគ្នាបាន។

ស្ត្រី​ឈ្មោះ​ ម៉េង សុខ​ហៀ​ង ដែលជាកូនតុងទីន បាននិយាយ​ថា​ កូន​តុងទីន​ដូចគ្នាម្នាក់​ឈ្មោះ​ឆាយ គឹម​ហួយ បាន​ឆបោក​​ជាង​២៧​ម៉ឺន​ដុល្លារ ​​តាមរយៈ​លេង​តុ​នទី​ន​ជាច្រើន​ក្បាល​រួមទាំង​តុងទីន​ឈ្មោះ​ខ្មោច ​(​ឈ្មោះ​អ្នក​ក្រៅ​តែ​ដេញ​យក​ខ្លួនឯង​)​ ហើយ​ពេល​ដេញ​តុងទីន​ងាប់​អស់​បាន​ប្រាក់​សរុប​រួច​គេចខ្លួន​។ ក្រៅពី​ជេរ​តុលាការ​ពុករលួយ តុលាការ​ភ្នែកម្នាស់ មើលងាយ​ច្បាប់​…​អ្នក​មក​តវ៉ា អះអាងថា ​​មាន​ភស្តុតាង​គ្រប់គ្រាន់ ​មាន​ទាំង​ឃ្លី​ប​សារ​​ភាព​របស់​ជនសង្ស័យ តែ​តុលា​ការធ្វើ​អី​អត់​កើត​។​

​បន្ទាប់ពី​ស្រែក​តវ៉ា​ដល់​ស្អក​ក ស្ត្រី​ម្នាក់​បាន​ប្រកាស​ថា ​នឹង​​ហៅ​ប្រជាជន​មក​៥០០ទៅ​៦០០​នាក់ ​មកជួបជុំ​មុខ​តុលាការ​ទៀត​។ គួរ​បញ្ជាក់​ថា​ អ្នកលេង​តុងទីនរាប់រយ​នាក់ ធ្លាប់​មក​តវ៉ា​មុខ សាលាដំបូងរាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧​ ម្តង​រួច​មក​ហើយ​បន្ទាប់ពី​លោក សាន សុផាត ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានី​ភ្នំពេញ សម្រេច​អនុញ្ញាតិឲ្យ​ស្ត្រី​ឈ្មោះ​ ឆាយ​ គឹម​ហួយ​ នៅក្រោឃុំ តែនឹងធ្វើការតាមដានបន្តទៀត។

ស្ត្រី​ឈ្មោះ ម៉េង សុខ​ហៀ​ង តំណាង​អ្នកលេង​តុងទីន​ បាន​រៀបរាប់​ថា ស្ត្រី​ឆបោក​ រូប​នេះ​បាន​ចុះឈ្មោះលេង​តុងទីន ក្នុង​មាន​ខ្សែ​ទី​១-តម្លៃ៣០០​ដុល្លារ ចុះឈ្មោះ​លេង​ប្រាំ​ក្បាល ស្មើនឹង​ទឹកប្រាក់ ចំនួន៤០.៥០០ ដុល្លារ , ខ្សែរ​ទី​២-​តម្លៃ ២០០​ដុល្លារ ចុះឈ្មោះ​លេង​ចំនួន ប្រាំ​ក្បាល ស្មើនឹង​ទឹកប្រាក់ ចំនួន ៦២០.០០ដុល្លារ , ខ្សែរ​ទី​៣- តម្លៃ៥០ដុល្លារ ចុះឈ្មោះ​លេង ចំនួន​ប្រាំ​ក្បាល ស្មើនឹង​ប្រាក់ ចំនួន៧៥០ដុល្លារ, ខ្សែ​ទី​៤- តម្លៃ១០ដុល្លារ ចុះឈ្មោះ​លេង​ចំនួន២០​ក្បាល ស្មើនឹង​ទឹកប្រាក់ ចំនួន៤៨.៨០០ដុល្លារ. ខ្សែ​ទី​៥-​តម្លៃ ១០​ដុល្លារ ចុះឈ្មោះ​លេង ចំនួន១៥​ក្បាល ស្មើនឹង​ទឹកប្រាក់ ចំនួន ៧០.៣០០​ដុល្លារ និង​ខ្សែ​ទី​៦-​តម្លៃ ប្រាំ​ម៉ឺន​រៀល ចុះឈ្មោះ​លេង ចំនួន ១០​ក្បាល ស្មើនឹង​ទឹកប្រាក់ ៤៣.២៥០ ដុល្លារ​។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុង​ពាក់កណ្តាល ឆ្នាំ​២០១៦ ស្ត្រី​ឈ្មោះ ម៉េង សុខ​ហៀ​ង បានរៀបចំ​ប្រមូលគ្នា លេង​តុងទីន ក្នង​ឈ្មោះ ឆាយ គឹម​ហួយ បាន​សុំ​ចុះឈ្មោះ​លេង រួម​លេង​តុងទីន​ចំនួន៦​ខ្សែ ដោយ​ដាក់ឈ្មោះ ខ្មោច​ជាច្រើន​នាក់ បន្ទាប់មកបាន​ដេញ​យក​ទាំងអស់ រួច​មិន​ទទួលខុសត្រូវ ដែលមាន​ទឹកប្រាក់ សរុប​ប្រមាណ ២៦៥.៦០០ ដុល្លារ ទើប​ប្តឹង​ទៅកាន់ នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រហូតដល់​ការឃាត់ខ្លួន នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅនេះ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ក្រុងភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​រឿង​ដោះលែង ជា​ឆន្ទា​នុ​សិទ្ធិ​របស់​តុលាការ​៕