(ក្រចេះ)៖ ប្រុសស្រី២នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះចរាចរណ៍មួយ ដោយរថយន្តកសាំងយ៉ុងបុកម៉ូតូ នៅវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ​៣៧៧ រង្វង់មូលព្រាបស ទៅផ្លូវបំបែកខ្លាស្ទុះ ក្នុងភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងក្រចេះ។

នគរបាលក្រុងក្រចះ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដ បុក ម៉ូតក្នុងដំណើរទិសដៅស្របទិសគ្នា ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូលើផ្លូវជាតិ ត្រូវ រថយន្ដម៉ាក​ សាំងយ៉ុង ពណ៌ខៀវ ពាក់ផ្លាកលេខ​ភ្នំពេញ 2AL-9960 បានបុកម៉ូតូ​ពេញទំហឹងបណ្ដាលឲ្យ មនុស្សប្រុសស្រី២នាក់ស្លាប់ភ្លាមៗ និងកន្លែងកើតហេតុ។

លោក ឈិន ពុតនាយផ្នែកចរាចរណ៍ ក្រុងក្រចេះ បានឲ្យដឹងថា ជនរងគ្រោះ អ្នកបើកបរម៉ូតូឈ្មោះ ខៃ ខន អាយុ៣៥ឆ្នាំ ស្លាប់និងកន្លែងរស់នៅភូមិអូរឫស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ និងអ្នករួមដំណើរជាមួយឈ្មោះ ស្រី សំស៊ីណន់ អាយុ៣០ឆ្នាំ ស្លាប់នៅនឹង​កន្លែងកើតហេតុ រស់ភូមិក្បាលកោះ សង្កាត់កោះទ្រង់។

ចំណែកអ្នកបើកបររថយន្ដសាំងយ៉ុង មិនស្គាល់អត្តសញ្ញាណ ព្រោះរត់គេចខ្លួនបាត់បន្សល់ទុក រថយន្ដនៅកន្លែងកើតហេតុ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារធ្វើបុណ្យ តាមប្រពៃណី ដោយឡែកវត្ថុតាងទាំងម៉ូតូ និងរថយន្ដយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងក្រចេះ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕