(ភ្នំពេញ)៖ នៅសាលាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដ៏មានសារសំខាន់មួយ ដើម្បីបំពេញសមត្ថភាពការងារបន្ថែម លើមន្ត្រីពាក់ព័ន្ធមួយចំនួន ពីគ្រូបង្គោលរាជធានីភ្នំពេញ និងមានការចូលរួមពីប្រធានក្រុមប្រឹក្សាខណ្ឌ លោក វ៉ាន់ សាលី អភិបាលខណ្ឌលោក ជា ពិសី អភិបាលរងខណ្ឌលោក លីន ញ៉ក់ នាយករដ្ឋបាលខណ្ឌលោក សន សោភ័ណ្ឌ នាយករងរដ្ឋបាកខណ្ឌ លោក អ្នក បូរ អនុប្រធានមន្ទីរផែនការរាជធានី លោក អ៊ួង ផាន់ណា ទីប្រឹក្សាកសាងសមត្ថភាពរាជធានី លោក ខូយ ឃីម រួមនិងសមាសភាពមន្ត្រីសិក្ខាកាម មកពីតាមបណ្ដាប្រធាន-អនុប្រធាន ការិយាល័យចំណុះជំនាញជំវិញខណ្ឌ មន្ត្រីក្រុមប្រឹក្សាខណ្ឌ អធិការរងនគរបាលខណ្ឌ និងមេបញ្ជាការរងអាវុធហត្ថខណ្ឌផងដែរ។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលខាងលើនេះលោក ជា ពិសី បានថ្លែងថា «ខ្ញុំពិតជាមានមោទនភាពក្រៃលែង និងសូមសំដែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីការរៀបចំការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដ៏មានសារសំខាន់មួយនេះ» ពិសេសសូមកោតសរសើរ ចំពោះការិយាល័យផែនការ និងអភិវឌ្ឍន៍ខណ្ឌ បានរៀបចំបើកកម្មវិធីជូនក្រុមប្រឹក្សា គណៈអភិបាល គណៈនាយករដ្ឋបាល តាមការិយាល័យ ចំណុះរចនាសម្ព័ន្ធជុំវិញខណ្ឌ ក្នុងការរៀនសូត្រ ដើម្បីឲ្យយល់ច្បាស់អំពីការរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល សម្រាប់បំពេញបន្ថែម រៀបចំផែនការនៅក្នុងខណ្ឌឫស្សីកែវ។

លោក ជា ពិសី បានថ្លែងទៀតថា ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ បានខិតខំប្រឹងប្រែងរួមគ្នា ក្នុងការគាំទ្រ និងជុំរុញឲ្យប្រសើរឡើង ដល់ដំណើរការនៃការអភិវឌ្ឍន៍មូលដ្ឋាន និងវិស័យផ្សេងៗទៀតជាច្រើនផងដែរ ដោយសម្រេចបាននូវសមិទ្ធិផលទាំងនេះ ក៍ដោយសារតែក្រុមប្រឹក្សាមានចក្ខុវិស័យ រួមនិងផែនការអភិវឌ្ឍន៍ច្បាស់លាស់សម្រាប់អាណត្តិរបស់ខ្លួនបានយ៉ាងល្អប្រសើរតាមរយៈគោលការណ៍ណែនាំ ផ្អែកយោងលើលិខិតបទដ្ឋាននានា របស់គណៈកម្មាធិការជាតិ ក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិប្បតេយ្យនៅថ្នាក់ក្រោមជាតិ ដោយបានពង្រឹងអភិបាលកិច្ចល្អ និងកិច្ចការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែវប្រសើរឡើងថែមទៀត។

លោកអភិបាលខណ្ឌបញ្ជាក់ថា «ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះមន្ត្រីទាំងអស់ ប្រាកដជាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ដើម្បីទទួលយកនូវវគ្គបណ្ដុះបណ្ដាល ស្ដីពីការរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដ៍មានសារៈសំខាន់មួយនេះ ពីគ្រូបង្គោល» ដោយបានយល់ឃើញពីការលំបាករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធគោលការណ៍ណែនាំបច្ចេកទេស សម្រាប់រៀបចំបើកវគ្គបណ្ដុះបណ្ដាលកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឲ្យស្របទៅនិងតម្រូវការរបស់(ផ.អ.៣)នៅថ្នាក់ក្រុង ស្រុក ខណ្ឌ គណៈកម្មាធិការជាតិ ដើម្បីអភិវឌ្ឍន៍តាមបែបប្រជាធិប្បតេយ្យ នៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល សម្រាប់ថ្នាក់រដ្ឋបាលខណ្ឌ តាមរយៈការិយាល័យផែនការ និងអភិវឌ្ឍន៍បានធ្វើការផ្សព្វផ្សាយជូនក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងខណ្ឌផងដែរ៕