(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះថា គណបក្សប្រជាជនកម្ពុជា សម្រេចផ្តាច់ទំនាក់ទំនងជាមួយ គណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃហើយ ដោយសារតែមេដឹកនាំគណបក្សនេះ ទាក់ទងគណបក្សប្រឆាំង។

លោកបានព្រមានថា សមាជិករបស់គណបក្សខ្មែររួបរួមជាតិទាំងអស់ ដែលស្ថិតនៅក្នុងជួររាជរដ្ឋាភិបាល ក៏ត្រូវដកចេញពីតំណែងជាបន្តបន្ទាប់ដែរ។

ការព្រមានបែបនេះរបស់អ្ន​កនាំពាក្យ គណបក្សកាន់អំណាចបានធ្វើឡើង បន្ទាប់ពីមន្រ្តីរបស់លោក ញឹក ប៊ុនឆៃ ចំនួន១២នាក់ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងដែលមានឋានៈស្មើរដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។