(ឧត្តរមានជ័យ)៖ ដើម្បីចូលរួមចំណែកកាត់បន្ថយការ ប៉ះពាល់សុខភាព និងលើកកំពស់ការយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ និងទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នៅថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក​ ខាន់​ រ៉ាត ​ប្រធានសាខាកាំកុង​ត្រូលខេត្ត​សហការជាមួយអាជ្ញាធរមូលដ្ឋាន និងលោកនាយកសាលា លោកគ្រូ-អ្នកគ្រូ នៅអនុវិទ្យាល័យ ហ៊ុន សែន រួតចំប៉ី ដែលមានទីតាំងស្ថិតនៅ សង្កាត់អូរស្មាច់ ក្រុងសំរោង ចុះផ្សព្វផ្សាយដល់សិស្សានុសិស្សប្រមាណ៣០០នាក់ អំពីសុវត្ថិភាពម្ហូបអាហារ និងលើកកម្ពស់ការយល់ដឹងពីទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។ 

ក្នុងពេលនោះ លោក ខាន់​ រាត់ បានធ្វើការណែនាំផ្តាំផ្ញើដល់សិស្សានុសិស្ស មុននឹងទិញនំចំណី ក៏ដូចជាទឹកកំប៉ុងយកមកបរិភោគ ត្រូវពិនិត្យមើលថ្ងៃខែកាលបរិច្ចេទឲ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីជាសវាងនូវការដែលយើងបរិភោគរបស់ខូចគុណភាពនាំឲ្យប៉ះពាល់ដល់សុភាព។

លោក ខាន់ រ៉ាត់ ក៏បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ ពិសេសលោកនាយកសាលាត្រូវ ធ្វើការអប់រំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មានមុខរបរលក់ក្នុងសាលា សូមឲ្យគាត់ទិញទំនិញដែលមានគុណភាព មកលក់អោយសិស្ស មិនត្រូវទិញទំនិញបាតឃ្លាំងដែលគេស្តុបទុកយូរ ហួសកាលបរិច្ឆេទប្រើប្រាស់មកលក់ឲ្យសិស្សនោះទេ ហើយការលក់ដូរត្រូវប្រកាន់ខ្ជាប់នូវអនាមយ័ជានិច្ច។ លោក ខាន់ រ៉ាត់ ក៏បានចែកផ្ទាំង poster ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សំរាប់យកទៅផ្សព្វផ្សាយបន្តផងដែរ៕