(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំ​ជាមួយលោកស្នងការរងគ្រប់ផែន លោកអធិការ-អធិការរងទាំង៨ ក្រុង-ស្រុក ដើម្បីដាក់ផែនការដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងពិធីបួងសួងសុំសេចក្ដីសុខសប្បាយ នៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខ។

ផែនការការងារអាទិភាព ដែលលោកស្នងការបានដាក់ចេញក្នុងកិច្ចប្រជុំខាងលើ រួមមាន៖
១៖ ផ្សព្វផ្សាយសេចក្ដីណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្ដីពីវិន័យរបស់កងកម្លាំងនគរបាលជាតិ។
២៖ ផែនការការពារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងគណៈប្រតិភូជាន់ខ្ពស់ ដែលនឹងអញ្ជើញមកធ្វើការបួងសួងសុំសេចក្ដីសុខសប្បាយ នៅតំបន់ប្រាសាទសំបូរព្រៃគុក។
៣៖ ពង្រឹងវិន័យកងកម្លាំងទូទាំងខេត្ត ដើម្បីប្រសិទ្ធភាពការងារ។
៤៖ ត្រូវផ្លាស់ប្តូរឥរិយាបទពីអ្នកគ្រប់គ្រង ឲ្យទៅជាអ្នកបម្រើសេវាកម្មល្អជូនប្រជាពលរដ្ឋ ព្រមទាំងអនុវត្តកិច្ចប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបប្រទះគ្រោះថ្នាក់ផ្សេងៗ ផ្ដល់សេវាប្រកបដោយភាពទន់ភ្លន់ រួសរាយរាក់ទាក់ សុភាពរាបសារ និងខិតខំធ្វើអំពើល្អ ធ្វើជាគំរូល្អដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្ត។

កាលពីពេលកន្លងទៅ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រកាសឲ្យដឹងថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ អាជ្ញាធរខេត្តនឹងរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងអបអរសាទរប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់បញ្ចូល​ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ការសម្រេចបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ប្រទេស ជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ក៏បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា។

សូមជម្រាបថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីខ្មែរសម័យចេនឡាមានឈ្មោះថា «ឥសានបុរៈ» ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលម្អលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះមានប្រាសាទប្រមាណជាង ១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ៕