(កំពង់ស្ពឺ)៖ រថយន្តយីឌុបមួយគ្រឿងដែល​ដឹកដែកអង់តែន ហើយលួចបង្កប់ឈើប្រណីត​ប្រភេទ​ធ្នង់​ពីក្រោម​រាប់សិបដុំ ត្រូវបានក្រុមការ​ងារ​ស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ធ្វើការបង្ក្រាបបាន ខណៈរថយន្តនេះ បើកចេញពីតំបន់ឱរ៉ាល់​ឆ្ពោះមករាជធានីភ្នំពេញ។

ការបង្ក្រាបរថយន្តយីឌុប​ប្រភេទភ្លៅ៥លួចដឹកឈើប្រណីតខាងលើនេះ បានប្រព្រឹត្តទៅនៅវេលា​ម៉ោង​៨៖៣០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិស្ថិត​ក្នុងភូមិ​ដង្វិត ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ អុំ វណ្ណាដែលបានដឹកនាំមន្ត្រីចុះធ្វើការ​បង្ក្រាបបទល្មើសដឹកជញ្ជូនឈើ​ប្រណីត​ខាងលើនេះ បានអោយដឹងថា បន្ទាប់ពីមានកម្លាំង​សម្ងាត់​រាយការណ៍​ទៅក្រុមការងារបេស​កកម្មស្រាវ​ជ្រាវ និងបង្ក្រាបបទល្មើស​ធនធានធម្មជាតិ​របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែលមានលោកឧត្តម​សេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងជាប្រធានរួចមក កម្លាំងរបស់លោកក៏​បានចុះពួនស្ទាក់ធ្វើការ​ឃាត់ត្រួតពិនិត្យក៏​រកឃើញបទល្មើស​ជាក់ស្ដែងតែម្ដងទៅ។

បច្ចុប្បន្ន វត្ថុតាងបទល្មើសត្រូវ​បានកម្លាំងបង្ក្រាបប្រគល់​ទៅអោយខាងរដ្ឋបាល​ព្រៃឈើដើម្បីធ្វើការ​វាស់វែងនិងមាន​ចំណាត់ការ​បន្តទៅតាមច្បាប់៕