(រតនគិរី)៖ លោក​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៧​ បានដឹកនាំប្រធាន​ អនុប្រធាន​មន្ទីរជំនាញពាក់ព័ន្ធមួយចំនួន​ ចុះពិនិត្យស្ថានភាពទឹកទន្លេសេសាន្ត​ នៅស្រុកវើនសៃ ក្រោយពីមានការបិទទំបន់វារីអគ្គិសនីសេសាន្តក្រោមពីរ នៅខេត្តស្ទឹងត្រែង​ និងពិនិត្យ​ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ​​។

អភិបាលខេត្តរតនគិរី​ បាន​ណែនាំដល់មន្ទីរជំនាញ​ និងអាជ្ញាធរស្រុកវើនសៃ​ ក៏ដូចជាស្រុកនៅជាប់តាមដងទន្លេសេសាន្ត​ និងទន្លេស្រែពក​ ត្រូវអប់រំ​ណែនាំប្រជាពលរដ្ឋឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលទប់ទំនប់វារីអគ្គិសនីសេសាន្តក្រោមពីរនេះ​បិទទ្វារទឹក។ ​ជាមួយគ្នានេះ កម្លាំងជំនាញទាំងអស់ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ជួយប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ក្នុងករណីទឹកជន់ឡើងដោយកំហុកណាមួយ ហើយត្រូវសហការជាមួយស្រុកជាប់ព្រំប្រទល់​ ជូនដំណឹងអំពីការប្រែប្រួលស្ថានភាពទឹក ឲ្យប្រជាពលរដ្ឋបានជ្រាប​ និង មានការប្រុងប្រយ័ត្នខ្ពស់​​។

បន្ទាប់ពីចុះពិនិត្យស្ថានភាពទឹកទន្លេសេសាន្តរួចមក​ លោក​ ថង​ សាវុន​ បានបន្តចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋនៅក្នុងស្រុកវើនសៃ​ផងដែរ។​

​ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តឲ្យដឹងថា​ ការងារបង្ករបង្កើនផលស្រូវស្រែរដូវវស្សារបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកវើនសៃ​ ក៏ដូចជានៅទូទាំងខេត្តរតនគិរី​ គិតត្រឹមសប្តាហ៍ទី​៣​ ខែកក្កដា​នេះ អនុវត្តបាន ​​៦៤,៨៩%​​ ស្មើ ​​១៧,០៦៦​ហិកតា​ នៃផែនការសរុប​ ២៦,៣០០ហិកតា​ ក្នុងនោះស្រូវចំការដាំបុកសម្រេចបាន​​ ១០,២១៥​ហិកតា​ ស្មើ ៩២%​ ស្រូវស្រែអនុវត្តបាន​ ៦,៨៥១ហិកតា​ ស្មើ​ ៤៥%​ នៃផែនការ​​។

​​ដោយឡែកនៅរដូវវស្សានេះ អាកាសធាតុអំណោយផលល្អ ដល់ការងារបង្កបង្កើនផលស្រូវរបស់ប្រជាកសិករ​ ភ្លៀងធ្លាក់គ្រប់គ្រាន់គ្របដណ្តប់គ្រប់តំបន់​ជាមួយគ្នានេះ ប្រព័ន្ធធារាសាស្ត្រមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ស្រោចស្រពផ្ទៃដីរបស់ប្រជាពលរដ្ឋ​។

យ៉ាងណាក៏ដោយ លោក​ ថង​ សាវុន​ បានណែនាំឲ្យមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីការប្រែប្រួលអាកាសធាតុ​ ស្ថានភាពទឹកទន្លេ​ និងទឹកភ្លៀងដល់ប្រជាពលរដ្ឋបានដឹង​ និង ត្រៀមលក្ខណៈគ្រប់គ្រាន់​ ហើយ​ត្រូវជំរុញការងារប្រពលវប្បកម្មដំណាំស្រូវតាមបែបទំនើបកម្ម​ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានទិន្នផលខ្ពស់​ និងបន្តផ្តល់បច្ចេកទេសកសិកម្ម​ថ្មីៗ ដល់ប្រជាពលរដ្ឋ​ជាប់ជានិច្ច​ ខិតខំកសាង និង ស្តារនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រស្រោចស្រព​ និងដឹកជញ្ជូនគ្រប់ប្រភេទ ដែលបម្រើឲ្យការងារកសិកម្ម​ និង កសិឧស្សាហកម្មរបស់ប្រជាពលរដ្ឋ៕