(ភ្នំពេញ)៖ បន្ទាប់ពីការតវ៉ាដោយស្រែកជេររិះគន់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់​ រឿងដោះលែងស្រ្តីកូនតុងទីន ដែលស៊ីដាច់លុយជិត២៧ម៉ឺនដុល្លារ កាលពីយប់មិញនោះ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមប្រជាពលរដ្ឋជាង១០០នាក់ បានលើកគ្នាទៅស្រែកតវ៉ាម្តងទៀត ដោយទាមទារឲ្យលោកចៅក្រម ធ្វើការបកស្រាយ តើហេតុអ្វីមិនព្រមចេញដីកានាំខ្លួនស្រ្តីឆបោក។

ភ្នាក់ងារ Fresh News ប្រចាំនៅតុលាការ បានរាយការណ៍មកថា នៅវេលាម៉ោងជាង២រសៀលថ្ងៃនេះ មានប្រជាពលរដ្ឋមកពីសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ ប្រហែល ១០០នាក់ មធ្យោបាយរថយន្តក្រុង៤គ្រឿង បានមកប្រមូលផ្តុំគ្នា នៅមុខសាលាដំបូងរាជធានី ដោយមានគោលបំណងទាមទារឲ្យលោកចៅក្រម សាន សុផាត បកស្រាយរឿងក្តី ដែលមិនចេញដីកាបង្គាប់ឲ្យនាំខ្លួនស្រ្តីឈ្មោះ ឡាយ គឹមហួយ ដែលជាកូនតុងទីនបោកប្រាក់ជាង២៦ម៉ឺនដុល្លារមកដោះស្រាយ។

កាលពីយប់មិញ កូន​តុងទីន​ជាង១០​នាក់ បានផ្ទុះ​កំហឹង​រហូតលើកគ្នាទៅតវ៉ា ដោយស្រែក​ឡូឡា​ថែម​ទាំង​ទាញ​រនាំង​ដែក​បោក​ខ្ទប់​នឹង​របង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទាំងយប់ដោយ​ចោទប្រកាន់​ថា​ «តុលាការ​ពុករលួយ​ រឿង​​ដោះលែង​ស្ត្រី​ម្នាក់​ដែល​ឆបោក​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក​»

សម្រាប់ការតវ៉ានេះលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះថា លោកបានទទួលព័ត៌មាន នេះហើយ និងកំពុងសួរនាំបន្តទៀត ហើយបើសិនរកឃើញថា ពួកគេបានវាយបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ និងតុលាការនោះ ពួកគេអាចនឹងប្រឈមតាមផ្លូវច្បាប់។ តែយ៉ាងណាក៏ដោយនោះលោក កោ វណ្ឌី ក៏បានបញ្ជាក់ផងដែរ បើសិនជាករណីនេះតូចតាច នោះអាចធ្វើការសម្របសម្រួលគ្នាបាន។

ស្ត្រី​ឈ្មោះ​ ម៉េង សុខ​ហៀ​ង ដែលជាកូនតុងទីន បាននិយាយ​ថា​ កូន​តុងទីន​ដូចគ្នាម្នាក់​ឈ្មោះ​ឆាយ គឹម​ហួយ បាន​ឆបោក​​ជាង​២៧​ម៉ឺន​ដុល្លារ ​​តាមរយៈ​លេង​តុ​នទី​ន​ជាច្រើន​ក្បាល​រួមទាំង​តុងទីន​ឈ្មោះ​ខ្មោច ​(​ឈ្មោះ​អ្នក​ក្រៅ​តែ​ដេញ​យក​ខ្លួនឯង​)​ ហើយ​ពេល​ដេញ​តុងទីន​ងាប់​អស់​បាន​ប្រាក់​សរុប​រួច​គេចខ្លួន​។ ក្រៅពី​ជេរ​តុលាការ​ពុករលួយ តុលាការ​ភ្នែកម្នាស់ មើលងាយ​ច្បាប់​…​អ្នក​មក​តវ៉ា អះអាងថា ​​មាន​ភស្តុតាង​គ្រប់គ្រាន់ ​មាន​ទាំង​ឃ្លី​ប​សារ​​ភាព​របស់​ជនសង្ស័យ តែ​តុលា​ការធ្វើ​អី​អត់​កើត​។​

គួរ​បញ្ជាក់​ថា​ អ្នកលេង​តុងទីនរាប់រយ​នាក់ ធ្លាប់​មក​តវ៉ា​មុខ សាលាដំបូងរាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧​ ម្តង​រួច​មក​ហើយ​បន្ទាប់ពី​លោក សាន សុផាត ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានី​ភ្នំពេញ សម្រេច​អនុញ្ញាតិឲ្យ​ស្ត្រី​ឈ្មោះ​ ឆាយ​ គឹម​ហួយ​ នៅក្រោឃុំ តែនឹងធ្វើការតាមដានបន្តទៀត។

ស្ត្រី​ឈ្មោះ ម៉េង សុខ​ហៀ​ង តំណាង​អ្នកលេង​តុងទីន​ បាន​រៀបរាប់​ថា ស្ត្រី​ឆបោក​ រូប​នេះ​បាន​ចុះឈ្មោះលេង​តុងទីន ក្នុង​មាន​ខ្សែ​ទី​១-តម្លៃ៣០០​ដុល្លារ ចុះឈ្មោះ​លេង​ប្រាំ​ក្បាល ស្មើនឹង​ទឹកប្រាក់ ចំនួន៤០.៥០០ ដុល្លារ , ខ្សែរ​ទី​២-​តម្លៃ ២០០​ដុល្លារ ចុះឈ្មោះ​លេង​ចំនួន ប្រាំ​ក្បាល ស្មើនឹង​ទឹកប្រាក់ ចំនួន ៦២០.០០ដុល្លារ , ខ្សែរ​ទី​៣- តម្លៃ៥០ដុល្លារ ចុះឈ្មោះ​លេង ចំនួន​ប្រាំ​ក្បាល ស្មើនឹង​ប្រាក់ ចំនួន៧៥០ដុល្លារ, ខ្សែ​ទី​៤- តម្លៃ១០ដុល្លារ ចុះឈ្មោះ​លេង​ចំនួន២០​ក្បាល ស្មើនឹង​ទឹកប្រាក់ ចំនួន៤៨.៨០០ដុល្លារ. ខ្សែ​ទី​៥-​តម្លៃ ១០​ដុល្លារ ចុះឈ្មោះ​លេង ចំនួន១៥​ក្បាល ស្មើនឹង​ទឹកប្រាក់ ចំនួន ៧០.៣០០​ដុល្លារ និង​ខ្សែ​ទី​៦-​តម្លៃ ប្រាំ​ម៉ឺន​រៀល ចុះឈ្មោះ​លេង ចំនួន ១០​ក្បាល ស្មើនឹង​ទឹកប្រាក់ ៤៣.២៥០ ដុល្លារ​។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុង​ពាក់កណ្តាល ឆ្នាំ​២០១៦ ស្ត្រី​ឈ្មោះ ម៉េង សុខ​ហៀ​ង បានរៀបចំ​ប្រមូលគ្នា លេង​តុងទីន ក្នង​ឈ្មោះ ឆាយ គឹម​ហួយ បាន​សុំ​ចុះឈ្មោះ​លេង រួម​លេង​តុងទីន​ចំនួន៦​ខ្សែ ដោយ​ដាក់ឈ្មោះ ខ្មោច​ជាច្រើន​នាក់ បន្ទាប់មកបាន​ដេញ​យក​ទាំងអស់ រួច​មិន​ទទួលខុសត្រូវ ដែលមាន​ទឹកប្រាក់ សរុប​ប្រមាណ ២៦៥.៦០០ ដុល្លារ ទើប​ប្តឹង​ទៅកាន់ នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រហូតដល់​ការឃាត់ខ្លួន នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅនេះ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ក្រុងភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​រឿង​ដោះលែង ជា​ឆន្ទា​នុ​សិទ្ធិ​របស់​តុលាការ​៕