(ភ្នំពេញ)​៖ លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានផ្ដាំផ្ញើឲ្យសមាគមមិត្តភាពកម្ពុជា-វៀតណាម ត្រូវពង្រឹងទំនាក់ទំនងល្អ ជាមួយគ្នាបន្តទៀត ដើម្បីឲ្យទំនាក់ទំនងរបស់រដ្ឋាភិបាលប្រទេសទាំងពីរ កាន់តែមានភាពស្អិតល្មួត។ ការផ្តាំផ្ញើពីមេដឹកនាំជាន់ខ្ពស់វៀតណាមខាងលើនេះ បានធ្វើឡើងក្នុងជំនួប ជាមួយឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ

ក្នុងជំនួបខាងលើលោកស្រី ម៉ែន សំអន បានជម្រាបប្រាប់លោក ង្វៀន ហ្វ៊ូជុង ទាក់ទងនឹងសកម្មភាពជាច្រើន ដែលសមាគមមិត្តភាពកម្ពុជា-វៀតណាម បានធ្វើរួមគ្នានាពេលកន្លងមក ដូចជាក្នុងខួប៥០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នៅឆ្នាំ២០១៧នេះ ហើយនៅសប្តាហ៍ក្រោយ នឹងមានគណៈប្រតិភូនៃកម្មាភិបាល ដែលជាអតីតជំនាញការ និងអតីតយុទ្ធជន ព្រមទាំងគ្រួសារយុទ្ធជនវៀតណាមដែលបានពលីជីវិតនៅកម្ពុជា ក្នុងអំឡុងពេលសង្គ្រាម ចំនួន១៣០នាក់ មកទស្សនកិច្ច៥ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង។

លោក ង្វៀន ហ្វូជុង បានកោតសរសើរដល់លោកស្រីឧបនាយករដ្ឋមន្ត្រី ហើយបានចាត់ទុកថាជាសកម្មភាពការទូតប្រជាជន និងប្រជាជន ទំនាក់ទំនងរវាងយុវជន និងយុវជន តាមរយៈសមាគមនៃប្រទេសទាំងពីរនេះ។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន ហ៊្វូជុង ដើម្បីបន្តពង្រឹងមិត្តភាពកម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំ និងបាននាំយកថវិការបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ផ្តល់ជូនរដ្ឋសភាកម្ពុជា ចំនួន២៥លានដុល្លាអាមេរិក សម្រាប់កសាងអគាររដ្ឋបាល នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងបានអញ្ជើញជាសាក្សីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើឯកសារនៃអនុស្សរណៈយោគយល់គ្នា ចំនួន៥ រួមមាន៖
១៖ សេចក្ដីថ្លែងការណ៍រួមស្ដីពី ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម
២៖ ក្របខណ្ឌកិច្ចព្រមព្រៀងរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្ដីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម
៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនី ការតភ្ជាប់បណ្ដាញបញ្ជូនអគ្គិសនី និងពាណិជ្ជកម្មថាមពល
៤៖ ពិធីសារស្ដីពី សកម្មភាពសង្គ្រោះមហន្តរាយអចិន្ត្រៃយ៍ នៅតាមតំបន់ព្រំដែនគោក
៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន (NIPTICT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនវៀតធែលខេមបូឌា (Viettel Cambodia Pte Ltd) របស់វៀតណាម។

នៅរសៀលថ្ងៃទី២១ ខែកក្កដានេះដែរ លោក ង្វៀន ហ៊ូជុង រួមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក៏បានអញ្ជើញសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុផងដែរ៕