(ឧត្តរមានជ័យ)៖ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបន្តដំណើរចុះទៅកាន់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពទឹកជំនន់អាងទឹកតាម៉ុក ហក់ឡើងជិតដល់កំរិតប្រកាសឲ្យប្រុងប្រយ័ត្ន។

គួររំលឹកផងដែរថា ភ្លៀងដែលបានធ្លាក់ច្រើនជាប់ៗគ្នា បានបង្កឱ្យទឹកក្នុងអាងទឹកតាម៉ុក ហក់ឡើងជិតដល់កំរិតប្រកាសឱ្យប្រុងប្រយ័ត្ន។ ក្នុងពេលកន្លងមក នៅពេលដែលទឹកក្នុងអាងតាម៉ុកជន់ឡើងម្តងៗ ទឹកតែងតែហូរពីលើស្ពាន បង្កការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។ នេះតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។

បើតាមលោក ចាន់ យុត្ថា បានបន្តទៀតថា «ប៉ុន្តែបន្ទាប់ពីទំនប់បង្ហៀរត្រូវបានក្រសួងធនធានទឹក និងឧតុនិយម សាងសង់ឡើងវិញរួចរាល់ យើងពិនិត្យឃើញថា សមត្ថភាព នៃការដោះទឹកជំនន់ចេញពីអាង គឺបានលឿនជាងមុន ហើយក៏ពុំមានការជន់ហូរលើស្ពានដូចពេលមុនទៀតទេ។ បើទោះបីជាសមត្ថភាពដោះទឹកនៅផ្នែកខាងលើ បានលឿនជាងមុនយ៉ាងណាក្តី ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យអ្នកបច្ចេកទេស រៀបចំបោសសំអាតផ្លូវទឹកនៅផ្នែកខាងក្រោម ដើម្បីឱ្យការដោះទឹកបានកាន់តែឆាប់រហ័ស ជៀសវាងការលិចលង់នៅផ្នែកខាងលើ»។

កាលពីព្រឹកមិញ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារ បង្កបង្កើនផល នៅតាមបណ្តាខេត្តមួយចំនួន។ ឆ្លៀតក្នុងឱកាសនេះផងដែរលោករដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ស្ថិតក្នុងឃុំតាំងក្រសាំង ឃុំកកោះ ឃុំជ្រាប់ និងឃុំទីប៉ូ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ចាន់ យុត្ថា បានថ្លែងថា ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំង ជាប្រព័ន្ធធារាសាស្ត្រខ្នាតធំ ដែលក្រោយពេលសាងសង់រួច ប្រព័ន្ធធារាសាស្ត្រនេះអាចផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីជាង១៥.០០០ហិកតា។ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមសាងសង់គម្រោងនេះ កាលពីខែមីនា ឆ្នាំ២០១៦ កន្លងទៅ ហើយមកដល់ពេលនេះ សម្រេចការងារបានប្រមាណជិត៩០%ហើយ៕