(ភ្នំពេញ)៖ ម្ចាស់ជ័យលាភីទាំង៣ នៃពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ឆ្នាំ២០១៧ បានរកឃើញហើយ នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយជ័យលាភីលេខ១ បានទៅលើ JAILBREAK The Game បង្កើតដោយ Direct Play, លេខ២ បានទៅលើ Bong Pheak បង្កើតដោយ Open Institute និង លេខ៣ បានទៅលើ ប្រព័ន្ធចុះបញ្ជីរថយន្តស្វ័យប្រវត្តិ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៧ គឺជាការប្រកួតប្រជែងមួយ ដែលផ្តល់នូវពានរង្វាន់ ចំពោះសមិទ្ធិផលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានភាពច្នៃប្រឌិតខ្ពស់បំផុតក្នុងប្រទេស រៀបចំឡើងដោយ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។

បេក្ខភាពដែលទទួលបានជ័យលាភីទាំង៣ ត្រូវបានជ្រើសរើស ក្នុងចំណោមបេក្ខភាពចំនួន៣៧ មកពីបណ្តាក្រសួង ក្រុមហ៊ុនឯកជន ក្រុមហ៊ុនធុរកិច្ច ដែលទើបនឹងបង្កើត និងអង្គការក្រៅរដ្ឋាភិបាល។ បេក្ខជនតម្រូវឲ្យការពារគម្រោង របស់ពួកគេនៅចំពោះមុខចៅក្រម ដែលមកពីវិស័យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសង្គមស៊ីវិល។

* មេដាយមាស (ជ័យលាភីលេខ១)៖ AILBREAK The Game បង្កើតឡើងដោយ Direct Play

ពានរង្វាន់ដំបូងដែលមានទឹកប្រាក់ចំនួន ១០,០០០ដុល្លារអាមេរិកត្រូវបានប្រគល់ជូនទៅ Direct Play សម្រាប់ AILBREAK The Game ដែលជាហ្គេមទូរសព្ទ័ផ្លូវការមួយ ដែលបានរចនាឡើងបន្ទាប់ពីខ្សែភាពយន្ត ខ្មែរមានចំណងជើងថា Jailbreak ។ វាគឺជាហ្គេមសកម្មមួយ ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ហើយត្រូវបានអភិវឌ្ឍន៍ នៅប្រទេសកម្ពុជា ដោយអ្នកអភិវឌ្ឍន៏ជនជាតិខ្មែរ ក្នុងភាពជាដៃគូជាមួយផលិតករខ្សែភាពយន្ត។ ត្រឹមតែរយៈពេល៤៨ម៉ោងបន្ទាប់ ពីការដាក់បង្ហាញ ហ្គេមនេះបានទទួលការដោនឡូតរហូតដល់ ២០K ហើយបច្ចុប្បន្នមាន អ្នកលេងហ្គេមជាង ១០៤K ។

* មេដាយប្រាក់ (ជ័យលាភីលេខ២)៖ Bong Pheak បង្កើតដោយ Open Institute

Open Institute បានឈ្នះរង្វាន់ទី២ ដែលមានទឹកប្រាក់ចំនួន ៣,០០០ ដុល្លារអាមេរិក សម្រាប់កម្មវិធី Bong Pheak។ Bong Pheak គឺជាសេវាកម្មការងារដែលបានបើកដំណើរការនៅខែតុលាឆ្នាំ ២០១៦ ដែលដាក់បង្ហាញនូវការងារគ្មានជំនាញ និងការងារប្រើជំនាញតិចតួច។

ផ្អែកតាមការស្ទាបស្ទង់ភាគច្រើន ប្រពន្ធ័អ៊ីនធើណេតតែម្យ៉ាងមិនមានភាពគ្រប់គ្រាន់ ក្នុងការទៅដល់អ្នកដែលមិនអាចធ្វើការ ចូលទៅកាន់ទិន្នន័យនោះបានឡើយ ដូច្នេះ Bong Pheak នឹងធ្វើការផ្សព្វផ្សាយការងារ តាមអ៊ីនធើណេត និងតាមរយៈសម្លេងដោយស្វ័យប្រវត្តិ ដែលបញ្ជូនទៅឱ្យកម្មករសក្តានុពល តាមរយៈការហៅទូរស័ព្ទ។

សេវាកម្មនេះមានអ្នកតាមដាន តាមរយៈហ្វេសប៊ុកចំនួន ១០០,០០០នាក់រួចហើយ ហើយមានការបង្ហាញផងដែរ នូវការងារចំនួន ៦,០០០ តំណែងក្នុងរយៈពេលប្រាំពីរខែដែលនាំឱ្យ មានបេក្ខជនដាក់ពាក្យចំនួន៤,០០០។

* មេដាយសំរឹទ្ធិ (ជ័យលាភីលេខ៣)៖ ប្រព័ន្ធចុះបញ្ជីរថយន្តស្វ័យប្រវត្តិ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ចុងបញ្ចប់អ្នកឈ្នះរង្វាន់ទី៣ នៃការប្រកួតគឺ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានចំនួនទឹកប្រាក់១,០០០ ដុល្លារអាមេរិក។ ប្រព័ន្ធថ្មីនេះអនុញ្ញាត ឱ្យពលរដ្ឋចុះឈ្មោះរថយន្តរបស់ពួកគេ តាមរយៈកម្មវិធីអនឡាញ ដែលអាចសន្សំសំចៃពេលវេលា និងថវិកា និងលុបបំបាត់ជាលំដាប់ នូវការបង់ប្រាក់ក្រៅផ្លូវការ។

ការចុះឈ្មោះ និងការទូទាត់ប្រាក់ត្រូវបានធ្វើឡើង តាមប្រពន្ធ័អ៊ីនធើណេត។ មួយឬពីរថ្ងៃក្រោយមក ប្រជាពលរដ្ឋអាចទទួលបានបណ្ណ័សំគាល់យានយន្ត និងស្លាកលេខ។ វិធានការនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៣ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានបំណងសម្រួលដំណើរការ និងកាត់បន្ថយការធ្វើក្រដាសស្នាម៕