(ស្វាយរៀង)៖ ពានរង្វាន់បាល់ទាត់ស្វាយរៀង ខាប់ លើកទី៣ ឆ្នាំ២០១៧ ចាប់ផ្តើមពិធីបើកការប្រកួត នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧នេះហើយ។

ពិធីនេះនឹងភ្ជាប់ជាមួយការអបអរសាទរ ក្នុងការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ចូលជាបេតិកភណ្ឌពិភពលោក ដោយមានការច្រៀងចំរៀងពីតារាល្បី សៅ ឧត្តម ការសម្តែងសិល្បៈប្រពៃណីផ្សេងៗ។

ក្នុងកម្មវិធីការប្រកួតនេះ នឹងចាប់ផ្តើមពីម៉ោង៣៖០០នាទីរសៀល រហូតដល់ម៉ោង៧៖០០នាទីយប់ ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ឌី វិជ្ឌា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តស្វាយរៀង។

ចំពោះក្រុមបាល់ទាត់ដែលចូលរួម ក្នុងព្រឹត្តការណ៍នេះ មានចំនួន៣៥ក្រុម មកពីបណ្តារស្រុក-ក្រុង ទាំង៨ទូទាំងខេត្តស្វាយរៀង បើប្រៀបធៀបទៅឆ្នាំ២០១៦ ក្រុមបាល់ទាត់ចូលរួម មានត្រឹមតែ២៩ក្រុម ប៉ុណ្ណោះ ប៉ុន្តែងាកមកឆ្នាំ២០១៧នេះវិញ មានការកើនឡើងដល់ទៅ៦ក្រុម។

ចំពោះលក្ខខណ្ឌចូលរួម គណៈកម្មការរៀបចំការប្រកួត ផ្តល់សិទ្ធិឲ្យកីឡាករ ក្រៅពីខេត្តស្វាយរៀងចំនួន៣នាក់ប៉ុណ្ណោះ ក្រៅពីនោះសុទ្ធសឹងជាកីឡាករ មានស្រុកកំណើត និងអាសយដ្ឋានបច្ចុប្បន្ន ក្នុងខេត្តស្វាយរៀងទាំងអស់។ ចំពោះរូបមន្តក្នុងការចាប់ពូល ដោយមានក្រុមបាល់ទាត់ដល់ទៅ៣៥ក្រុម គណៈកម្មការរៀបចំការប្រកួតបាន បែងចែកជា៨ពូល ដោយពូល ក, ខ, គ, ឃ, ង មាន៤ក្រុម និងពូល ច, ឆ, ជ មាន៥ក្រុម។

គួររំលឹកផងដែរថា ពានរង្វាន់ស្វាយរៀង ខាប់ ត្រូវបានផ្តួចផ្តើមបង្កើតឡើង នៅឆ្នាំ២០១៥ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានលោក ឌី វិជ្ជា ជាប្រធាន។
ដោយទទួលបានការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ និងកីឡាករ យ៉ាងច្រើនទើប សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ជំរុញឲ្យមានការប្រកួតរៀងរាល់ឆ្នាំ ដើម្បីលើកស្ទួយវិស័យកីឡា ក៏ដូចជាជំរុញឲ្យប្រជាពលរដ្ឋ និងយុវជន យកពេលទំនេរមកលេងកីឡា ជៀសវាងយកពេលវេលាទៅ ប្រើប្រាស់ឥតប្រយោជនន៍។ ជាឧទាហរណ៍ជាក់ស្តែង នៅក្នុងវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ស្វាយរៀង ខាប់ លើកទី២ គឺមានការគាំទ្រពីសំណាក់មហាជន និងយុវជនចូលរួមទស្សនា ប្រមាណ២,០០០នាក់ នៅកីឡដ្ឋានស្វាយរៀង ក្រោមវត្តមាន លោក ម៉ែន វិបុល អភិបាលខេត្ត និងលោក ឌី វិជ្ជា។

លើសពីនេះក៏មានតារាចំរៀងល្បីៗ ចូលរួមសម្តែង និងច្រៀងជូនទស្សនិកជន សម្រាប់ទស្សនាផងដែរ។ ចំណុចដែលមហាជនចាប់អារម្មណ៍លើពានរង្វាន់នេះ ដោយការប្រកួតទាំងអស់ប្រកួតតែថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សំរាកប៉ុណ្ណោះ ដើម្បីផ្តល់ឱកាសដល់កីឡាករជាមន្ត្រីរាជការ បុគ្គលិកឯកជននានាអាចចូលរួមបានច្រើន៕