(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លើកឡើងថា កីឡាករត្រូវមានសមត្ថភាព មានសិក្សាស្វែងយល់ និងចេះវិភាគការប្រួតទើបទទួលបានជ័យជម្នះ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់ត្រៀមចេញទៅចូលរួម ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៩ នៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្លឹបបាល់ទះវិសាខា ស្ថិតក្នុងខណ្ឌទួលគោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ «SEA Games» លើកទី២៩ នៅប្រទេសម៉ាឡេស៊ីលើកនេះ ក្រុមកីឡាបាល់ទះជម្រើសជាតិរបស់យើងត្រូវធ្វើឲ្យមានការប្រែប្រួលថ្មីមួយនៅលើឆាក អន្តរជាតិ ដើម្បីធ្វើឲ្យការប្រែប្រួល នេះទៅបានកីឡាករគ្រប់រូបត្រូវគោរពវិន័យ និងមានការទទួលខុសត្រូវរាល់ការប្រកួត។

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ថា «ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួត កីឡាករទាំងអស់ត្រូវ លេងលក្ខណៈជាក្រុម និងមានសាមគ្គីភាពក្នុង»

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករទាំងអស់ ដែលរយៈពេលកន្លងមកបានខិតខំប្រឹងប្រែងហ្វឹកហាត់ លើកកម្ពស់សមត្ថភាពឲ្យកាន់តែខ្លាំង ដើម្បីឈានឆ្ពោះទៅដណ្តើមមេដាយនៅ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ «SEA Games» នាពេលខាងមុខ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ នេត សាវឿន បានឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់ការហ្វឹកហាត់ និងឧបត្ថម្ភដល់ ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ ដែលត្រូវចេញទៅប្រកួតកីឡាអាស៊ីអាគ្នេយ៍ «SEA Games» នៅប្រទេសម៉ាឡេស៊ី សរុប១៧នាក់ ក្នុងម្នាក់ថវិកា១លានរៀល និងកីឡាករបម្រុង៣នាក់ ម្នាក់ថវិកា ៥០ម៉ឺនរៀលផងដែរ៕