(សៀមរាប)៖ ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច នាយប់ថ្ងៃទី២២ ខែកក្កដានេះថា ករណីបង្ហោះរូបភាពធ្លាក់យន្តហោះ បំប៉ោងព័ត៌មាន បង្កភាពចលាចល នៅខេត្តសៀមរាប សមត្ថកិច្ចឈានដល់ការឃាត់ខ្លួនស្ត្រីវ័យក្មេងម្នាក់ទៀត បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់យកមកសួរនាំ នៅស្នងការខេត្តរួចមក។

លោកស្នងការបានបញ្ជាក់ទៀតថា ម្ចាស់ Facebook ដែលបង្ហោះព័ត៌មានមិនពិត ករណីធ្លាក់យន្តហោះនៅខេត្តសៀមរាប ត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ផាវ សុជុំ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើលើយន្តហោះ (អូតេស) របស់ក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប និងឈ្មោះ ពន្លឺ លាភា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើលើយន្តហោះ (អូតេស) ក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ ទីលំនៅបច្ចប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សូមជម្រាបថា ហេតុការណ៍បង្កភាពភ្ញាក់ផ្អើលមួយ បានកើតឡើង នៅពេលយុវជនម្នាក់ ដែលមានគណនេយ្យ Facebook ឈ្មោះ «Bondet Panha Vatanak» បង្ហោះរូបភាពធ្លាក់យន្តហោះ និងសរសេរជាភាសាអង់គ្លេសថា «Aircraft come to completely stop and safe landed at siem reap» ដែលនាំឲ្យមានការបំពុល នូវព័ត៌មានមិនពិតនេះ។

ឆ្លើយបតនឹងព័ត៌មានដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល និងយល់ច្រឡំយ៉ាងខ្លាំង ដែលថា មានករណីគ្រោះថ្នាក់ធ្លាក់យន្តហោះ នៅខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នោះ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជា បានចេញមកទាត់ចោលនូវព័ត៌មានមិនពិតនេះ និងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំយល់ច្រឡំឲ្យសោះ គឺគ្មានករណីគ្រោះថ្នាក់ធ្លាក់យន្តហោះ ដូចការលើកឡើងក្នុង Facebook ឡើយ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវត្ថា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែកក្កដានេះថា ព័ត៌មានដែលថា មានការធ្លាក់យន្តហោះនៅខេត្តសៀម គឺជាព័ត៌មានមិនពិត «It was faked news and untrue sources»។

ភ្លាមៗបន្ទាប់ពីយុវជននោះ បង្ហោះរូបភាពធ្លាក់យន្តហោះ អ្នកយកព័ត៌មានអង្គភាព Fresh News ធ្វើការទំនាក់ទំនងតាម Facebook ដោយបានសាកសួរជាមួយយុវជនឈ្មោះ «Bondet Panha Vatanak» ដោយផ្ទាល់ ហើយរូបគេនិយាយថា ខ្លួនធ្វើការនៅក្រុមហ៊ុនអាសចរណ៍ និងទទួលបានរូបភាពធ្លាក់យន្តហោះនេះ ពីមិត្តភក្តិ ហើយក៏បង្ហោះរូបនោះលេងក្នុង Facebook ដោយរូបភាពនោះជារូបភាពចាស់ មិនមែនកើតឡើងនៅប្រទេសកម្ពុជានោះទេ៕