(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី កាត់វិញ្ញាសារប្រឡងជ្រើសរើសក្របខណ្ឌ មន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ និងក្របខណ្ឌមន្ត្រីពន្ឋនាគារក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០១៧ នៅមណ្ឌលប្រឡងវិទ្យាល័យសន្ឋរម៉ុក ។

មន្ត្រីក្រសួងមហាផ្ទែបានឲ្យដឹងថា សំរាប់ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃជ្រើសរើសមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារចំនួនសរុប៥៥០នាក់ នៅទូទាំងប្រទេស។ ចែកចេញជា៤ក្របខណ្ឌ ក្នុងនោះ ក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជ្រើសរើសចំនួន១១៥នាក់ បេក្ខជនដាក់ពាក្យប្រឡងចំនួន ២៣០៤នាក់។ ក្របខណ្ឌមន្ត្រីក្រមការជ្រើសរើសចំនួន១៤៥នាក់ បេក្ខជនដាក់ពាក្យប្រឡង២៧២២នាក់ ។ មន្ត្រីក្របខណ្ឌលេខាធិការរដ្ឋបាល ជ្រើសរើសចំនួន២០០នាក់ បេក្ខជនដាក់ពាក្យប្រឡងចំនួន ៦៣៩៤នាក់ ។ ក្របខណ្ឌមន្ត្រីពន្ឋនាគារជ្រើសរើសចំនួន៩០នាក់ បេក្ខជនដាក់ពាក្យប្រឡងចំនួន៧៨៩នាក់។

ដោយឡែកនៅរាជធានីភ្នំពេញ ក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជ្រើសរើសចំនួន២៧នាក់ បេក្ខជនដាក់ពាក្យប្រឡងចំនួន៨១៥នាក់។ ក្របខណ្ឌមន្ត្រីក្រមការជ្រើសរើសចំនួន៣៣នាក់ បេក្ខជនដាក់ពាក្យប្រឡងចំនួន៨៣០នាក់។ មន្ត្រីរដ្ឋបាលលេខាធិការដ្ឋាន ជ្រើសរើសចំនួន២៧នាក់ បេក្ខជនដាក់ពាក្យប្រឡងចំនួន៨៤៨នាក់។ ក្របខណ្ឌមន្ត្រីពន្ឋនាគារចំនួន២៥នាក់ បេក្ខជនដាក់ពាក្យប្រឡងចំនួន៣២៨នាក់។

ជាមួយគ្នានេះ លោក សក់ សេដ្ឋា ក៏បានផ្តល់កម្លាំងចិត្តដល់បេក្ខជន ក្នុងការប្រឡងប្រជែងប្អូនៗជឿជាក់ និងទុកចិត្តលើគណៈកម្មការយើងខ្ញុំទៅ គណៈកម្មការនិងធ្វើការងារនេះ ដោយតម្លាភាព សុក្រិតភាព ហើយប្អូនៗត្រូវតាំងស្មារតី កុំភិតភ័យ អ្នកចេះ គឺជាប់ហើយ។ ហើយប្អូនៗយកចំណេះដឹង និងសមត្ថភាពចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចំរើនតទៅទៀត។

សូមបញ្ជាក់ថា សំរាប់វិញ្ញាសារក្នុងការប្រលងជ្រើសរើស ក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងក្របខណ្ឌមន្ត្រីក្រមការ មាន២វិញ្ញាសារ គឺជំនាញឯកទេស និងវិញ្ញាសារភាសាអង់គ្លេស។ ចំណែកក្របខណ្ឌលេខាធិការរដ្ឋបាល និងក្របខណ្ឌមន្ត្រីពន្ធនាគារមានវិញ្ញាសារ ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា វិញ្ញាសារតែងសេចក្តី ឬការសរសេរលិខិតរដ្ឋបាល៕