(ភ្នំពេញ)៖ ករណីលោកឧត្តមសេនីយ៍ទោ ណាំ ភិរុណ អង្គរក្សផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលត្រូវបានជនអនាមិក ប្រើ Facebook ជំរិតទារប្រាក់ ១ម៉ឺនដុល្លារអាមេរិក ព្រមទាំងគំរាមបញ្ឈប់ការងារ និងចាប់កូនស្រីថែមទៀតនោះ ឥឡូវនេះរកឃើញការពិត និងរកឃើញអ្នកប្រើប្រាស់ Facebook ជំរិតទារប្រាក់នោះហើយ គឺជាសិស្សសាលាឯកជនថ្នាក់ទី៦ម្នាក់ ឈ្មោះ សៀក ជីមី។

កុមារា អាយុ១៤ឆ្នាំ ឈ្មោះ សៀក ជីមី ដែលបច្ចុប្បន្នកំពុងសិក្សារនៅឡើយនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ដែលកុមារារូបនេះ ជាប់ចោទពីបទក្លែងបន្លំឈ្មោះក្នុងគណនេយ្យ បណ្តាញទំនាក់ទំនងសង្គម FaceBook ដើម្បីជំរិតទាប្រាក់ ជាថ្នូរនឹងការដកមុខតំណែងលោក ណាំ ភិរុណ ពីឧត្តមមន្ត្រីរបស់រដ្ឋាភិបាល។

ភ្លាមៗនោះ អាណាព្យាបាលរបស់កុមារា សៀក ជីមី គឺលោក កែ ចាន់សុខ អាយុ៤១ឆ្នាំ ត្រូវជាឪពុក អ្នកស្រី សួន សុផា ត្រូវជាម្តាយ បានតក់ស្លុតជាខ្លាំង ចំពោះហេតុការណ៍នេះ ហើយបានប្រញាប់ប្រញាល់ ចេញមុខសុំការអភ័យទោស និងក្តីមេត្តាធម៌ ដោយសណ្តោសប្រណី ពីលោកឧត្តមសេនីយ៍ ណាំ ភិរុណ តាមរយៈការសសេរលិខិតសុំអភ័យទោស ត្រាប្រណី ដោយក្តីករុណា។

សូមជម្រាបថា ថ្មីនេះ ឧត្តមសេនីយ៍ទោ ណាំ ភិរុណ បានបង្ហោះនៅលើទំព័រ Facebook របស់លោកថា ជនដែលផ្ញើសារគំរាមជំរិតទារប្រាក់ និងគំរាមពីសុវត្ថិភាពរបស់ក្រុមគ្រួសាររបស់លោកនេះ ប្រើគណនេយ្យ Facebook ឈ្មោះ «ស៊ីន សារ៉េត» «SOK KHON» និង «កម្ពុជាកម្ពុជា»។ លោក ណាំ ភិរុណ បានរៀបរាប់បន្តថា ជនដែលយកគណនេយ្យ Facebook ខាងលើ បានជំរិតទារប្រាក់ពីរូបលោកម្តង ៥០០០ដុល្លារ និងម្តងទៀត ១ម៉ឺនដុល្លារ។

ជនដែលជំរិតទារប្រាក់ បានគំរាមថា ប្រសិនបើលោក ណាំ ភិរុណ មិនប្រគល់ប្រាក់ឲ្យគេទេ គេនឹងរកវិធី ដើម្បីបំបែកបំបាក់ និងញុះញង់ មិនឲ្យមានការទុកចិត្តគ្នានៅក្នុងកងអង្គរក្សរបស់លោក ហើយថែមទាំងគំរាមយកឈ្មោះថ្នាក់ដឹកនាំកំពូលទៅបញ្ឈប់ការងាររបស់លោក ថែមទៀតផង។

មិនត្រឹមតែគំរាមជំរិតទារប្រាក់ប៉ុណ្ណោះទេ ជនអនាមិកនេះ ថែមទាំងបានគំរាមធ្វើបាបកូនស្រីរបស់លោក ណាំ ភិរុណ និងក្រុមគ្រួសារថែមទៀតផង។ ការគំរាមនេះ កំពុងធ្វើឲ្យលោកឧត្តមសេនីយ៍ទោ ណាំ ភិរុណ និងក្រុមគ្រួសារបារម្ភពីសុវត្ថិភាពកូនស្រី និង ក្រុមគ្រួសារជា ខ្លាំង។

លោក ណាំ ភិរុណ បានស្នើសុំសមត្ថកិច្ចជំនាញ និងពាក់ព័ន្ធមេត្តាតាមវែកមុខជន ដែលប្រើប្រាស់គណនេយ្យ Facebook ខាងលើនេះ មកផ្តន្ទាទោសទៅតាមច្បាប់ ក៏ដូចជាដើម្បីទំនុកចិត្តលើសុវត្ថិភាពក្រុមគ្រួសាររបស់លោកផងដែរ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ណាំ ភិរុណ គឺជាអង្គរក្សផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ហើយគេតែងបានឃើញរូបលោក រួមនិងមិត្តរួមក្រុម តែងតែបានដើរការពារជាប់ជាមួយសម្តេចតេជោ ហ៊ុន សែន រាល់ពេលសម្តេចអញ្ជើញចូលរួមកម្មវិធីផ្សេងៗទាំងក្នុង និងក្រៅប្រទេស៕