(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញមកថ្លែងអំណរគុណដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលចាត់វិធានការទាន់ពេលវេលា ទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត នាំឲ្យមានការយល់ច្រឡំ ចំពោះករណីយុវជនម្នាក់បង្ហោះ Facebook ថា មានហេតុការណ៍ធ្លាក់យន្តហោះ នៅខេត្តសៀមរាប នាំឲ្យបំពុលបរិយាកាសសង្គម។

លើសពីនេះ លោករដ្ឋមន្ត្រីបានចាត់ទុកថា ការបង្ហោះព័ត៌មានមិនពិតនេះ នាំឲ្យមានការយល់ច្រឡំពីមហាជន និងភ្ញៀវទេសចរ ដែលអាចនឹងនាំឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ជាខ្លាំង។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា «តាងនាមឲ្យក្រសួងទេសចរណ៍ និងខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលបានចាត់វិធានការទាន់ពេលវេលា ទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត ដែលថាមានការធ្លាក់យន្តហោះ នៅខេត្តសៀមរាប ដែលនាំឲ្យមានការយល់ច្រឡំពីមហាជន និងភ្ញៀវទេសចរ ដែលព័ត៌មានដូចនេះ អាចនឹងឲ្យមានការប៉ះពាល់ដល់វិស័យទេសចរណ៍ជាខ្លាំង»

សូមជម្រាបថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ ហេតុការណ៍បង្កភាពភ្ញាក់ផ្អើលមួយ បានកើតឡើង នៅពេលយុវជនម្នាក់ ដែលមានគណនេយ្យ Facebook ឈ្មោះ «Bondet Panha Vatanak» បង្ហោះរូបភាពធ្លាក់យន្តហោះ និងសរសេរជាភាសាអង់គ្លេសថា «Aircraft come to completely stop and safe landed at siem reap» ដែលនាំឲ្យមានការបំពុល នូវព័ត៌មានមិនពិត។

ឆ្លើយបតនឹងព័ត៌មានដែលបង្កឲ្យមានភាពភ្ញាក់ផ្អើល និងយល់ច្រឡំយ៉ាងខ្លាំងនេះ មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជា បានចេញមកទាត់ចោលនូវព័ត៌មានមិនពិតនេះ និងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំយល់ច្រឡំឲ្យសោះ គឺគ្មានករណីគ្រោះថ្នាក់ធ្លាក់យន្តហោះ ដូចការលើកឡើងក្នុង Facebook ឡើយ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវត្ថា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ថា ព័ត៌មានដែលថា មានការធ្លាក់យន្តហោះនៅខេត្តសៀម គឺជាព័ត៌មានមិនពិត «It was faked news and untrue sources»។

នៅរសៀលថ្ងៃម្សិលមិញ កម្លាំងនគរបាលបានឃាត់ខ្លួនយុវជន ដែលបង្ហោះរូបភាពនោះ និងឈានដល់ហៅស្ត្រីវ័យក្មេង ដែលជាអ្នកបម្រើការងារជាមួយគ្នាម្នាក់ទៀត មកសួរនាំផងដែរ។ ម្ចាស់ Facebook ដែលបង្ហោះព័ត៌មានមិនពិត ករណីធ្លាក់យន្តហោះនៅខេត្តសៀមរាប ត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ផាវ សុជុំ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើលើយន្តហោះ (អូតេស) របស់ក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីរូបគេសារភាពកំហុស និងគ្មានចេតនាបង្កភាពចលាចលនោះទេ គឺគ្រាន់តែបង្ហោះរូបភាពលេង ប៉ុន្តែមិនដឹងថា ឈានដល់មានរឿងដូច្នេះឡើយ ហើយឪពុកម្តាយរបស់គេ ក៏បានធានាចំពោះមុខសមត្ថកិច្ចផងដែរ។

ចំណែកឯឈ្មោះ ពន្លឺ លាភា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើលើយន្តហោះ (អូតេស) ក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ ទីលំនៅបច្ចប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចហៅមកសួរនាំរួច ក៏ឲ្យត្រឡប់ទៅផ្ទះវិញ ព្រោះនាងមិនបានបង្ហោះរូបភាពធ្លាក់យន្តហោះនោះទេ គឺគ្រាន់តែ Share រូបភាពធ្លាក់យន្តហោះ ពី Facebook ដើមនៅប្រទេសគេប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់ លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប។

ជាមួយគ្នានេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលនិយមលេង Facebook មុននឹងបង្ហោះរូបភាព និងពាក្យពេចន៍អ្វីមួយ សូមគិតពិចារណាជាមុនសិន ថាតើរូបភាព ឬខ្លឹមសារនោះ អាចប៉ះពាល់អ្វីខ្លះដល់សង្គម និងខ្លួនឯង៕

រូបភាពធ្លាក់យន្តហោះ ដែលយុវជនឈ្មោះ ផាវ សុជុំ បង្ហោះបង្កភាពភ្ញាក់ផ្អើល នាំឲ្យមានការយល់ច្រឡំ