(ភ្នំពេញ)៖ ពានរង្វាន់បាល់ទាត់យុវជនអាស៊ីអាគ្នេយ៍ AFF U-15 Championship 2017 បានបញ្ចប់ហើយ ដោយ តំណែងជើងឯកបានទៅក្រុម U-15វៀតណាម ប៉ុន្ដែតំណែងពានស្បែកជើងមាស ពុំបានទៅកីឡាកររបស់ក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រឡើយ ពោលគឺធ្លាក់មកកណ្ដាប់ដៃកីឡាករ សៀង ចន្ធា របស់កម្ពុជា បើទោះបីក្រុមរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ធ្លាក់ត្រឹមវគ្គជម្រុះក៏ដោយ ។

សម្រាប់ក្រុម U-15វៀតណាម បានគ្រងតំណែងជើងឯកពានកម្រិតតំបន់អាស៊ានខាងលើ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះថៃ ដោយបាល់ប៉េណាល់ទីជាមួយលទ្ធផល ៤-២ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ០-០ ។ ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅក្រុម U-15អូស្ដ្រាលី ក្រោយយកឈ្នះក្រុម U-15ម៉ាឡេស៊ី ដោយលទ្ធផល ៣-២ កាលពីម្សិលមិញ ។

តែអ្វីគួរឲ្យអបអរសាទរ សម្រាប់កម្ពុជា គឺកីឡាករវ័យក្មេង សៀង ចន្ធា បើទោះបីអស់ឱកាសរកគ្រាប់បាល់បន្ថែមក្ដី ប៉ុន្ដែគ្មានអ្នកណាអាចដណ្ដើមតំណែងស្បែកជើងមាសពីគេបានឡើយ ដោយរកបាន ៥គ្រាប់ច្រើនជាងគេ ខណៈកីឡាករ Chony Wenpaserth របស់ថៃ ទោះបីឡើងដល់វគ្គផ្ដាច់ព្រ័ត្រ គឺនៅតែរកបាន ៤គ្រាប់ប៉ុណ្ណោះ៕