(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ «សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន» លើកទី១ ឆ្នាំ២០១៧ នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះហើយ ដោយមាន ១៨ក្រុមចូលរួម ។ ពាននេះ ត្រូវបានបង្កើតឡើងក្រោមការផ្ដួចផ្ដើមគំនិតរបស់លោក ថុល នាង ទីប្រឹក្សាផ្ទាល់របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីរការងារ ខេត្តកណ្ដាល។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការចាប់ពូលប្រកួត នៅទីស្នាក់ការ NOCC នាថ្ងៃទី២៣ ខែកក្កដានេះ លោក ថុល នាង បានមានប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា អនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះឡើង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ និងសង្គមជាតិកម្ពុជា។

លោកបន្ដថា គោលបំណងក្នុងការរៀបចំនេះ គឺផ្ដល់ឱកាសឲ្យយុវជនបានចូលរួមលេងកីឡា ពិសេសក្រុមកីឡាករមិនអាជីព បានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដើម្បីវិវត្តន៍សមត្ថភាពខ្លួនក្លាយជាកីឡាករអាជីពនាពេលអនាគត និងចូលរួមយុទ្ធនាការដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ។ លើសពីនេះ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងទទួលបាននូវសុខភាពល្អ ។

ទន្ទឹមជាមួយគ្នានោះ ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការរៀបចំតាមការគ្រោងទុក លោកបានក្រើនរំឭកដល់សមាជិកក្រុមនីមួយៗ ត្រូវលេងដោយគោរពគោលការណ៍ Fai-Play ពោលគឺលោកចង់ឃើញកីឡាករគ្រប់រូប អាចបញ្ចេញសមត្ថភាពលើទីលាន រហូតដល់ចប់ព្រឹត្តិការណ៍ តែមិនចង់ឃើញកីឡាករណាម្នាក់ពិការ ឬបាត់បង់សមត្ថភាពប្រកួតនៅលើទីលានោះទេ ។ ដូច្នេះកីឡាករម្នាក់ៗ ត្រូវប្រកួតដោយស្មារតីមិត្តភាព មិនត្រូវប្រកាន់តែជំហរចង់ឈ្នះឡើយ ។

លោក ថោង ឧត្ដម គណៈកម្មការវិន័យប្រចាំព្រឹត្តិការណ៍នេះ បានបញ្ជាក់ដែរថា ចំពោះ ១៨ក្រុមចូលរួមខាងលើ ត្រូវបែងចែកជា ៣ពូលក្នុងមួយពូលមាន ៦ក្រុម ដើម្បីធ្វើការប្រកួតសន្សំពិន្ទុវិលជុំ ។ បន្ទាប់មកក្រុមលេខ១ និងលេខ២ មានពិន្ទុខ្ពស់ជាងគេក្នុងពូលនីមួយៗ ត្រូវឡើងវគ្គ ៨ក្រុមចុងក្រោយ ។ រីឯ ២ក្រុមទៀត គឺជ្រើសចេញពីក្រុមលេខ៣ ដែលធ្វើបានល្អជាងគេ ក្នុងចំណោមពូលទាំង ៣ ។ ចំពោះការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានស្ដាតចាស់ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ទើបធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ខ្ទង់ខែតុលាខាងមុខ ។

យ៉ាងណាមិញពាននេះ ផ្ដល់ឱកាសតែកីឡាករមិនអាជីពប៉ុណ្ណោះ តែកីឡាករអាជីពអាចចូលរួមបាន លើកលែងតែបញ្ចប់អាជីពមុនឆ្នាំ២០១៦ ។ ចំពោះប្រាក់រង្វាន់វិញ ក៏ធម្មតាដែរ ដោយជើងឯកលេខ១ ទទួលបាន ៦ពាន់ដុល្លារ, លេខ២ ទទួលបាន ៣ពាន់ដុល្លារ និងលេខ៣ ទទយលបានប្រាក់រង្វាន់ ១,៥០០ដុល្លារ៕