(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សាយ សារុន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួន នាយករងសាលាបឋមសិក្សាវាលស្បូវ ពាក់ព័ន្ធករណីបៀតបៀន​កេរ្តិ៍​ខ្មាស ​លើសិស្ស​ស្រីខ្លួនឯង អាយុ១៤ឆ្នាំ បន្ទាប់ពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ប្រព្រឹត្តអំពើអាសលើកុមារី អាយុក្រោម១៥ឆ្នាំ»។

នាយក​រង​សាលា​បឋម​សិក្សា​រូប​នេះ​ មានឈ្មោះ​ ឡុង សុខ អាយុ៥០ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ កាលពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ នៅ​ទីចាត់ការ​សាលា​បឋម​សិក្សា​វាលស្បូវ​ ស្ថិតនៅភូមិ​តាអុក​ សង្កាត់​វាលស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​។

ក្មេង​ស្រី​រងគ្រោះ​បាននិយាយ​ថា​ មុន​ពេល​កើត​ហេតុ​គឺថ្ងៃទី១៩ ខែកក្កដា ​ឆ្នាំ២០១៧​ ខ្លួនគេ និងមិត្តភក្តិបាននាំគ្នា​ ទៅលេងក្នុងទីចាត់ការ របស់​ជន​សង្ស័យ​។ ពេលនោះជនសង្ស័យ បានប្រឡែងលេងជាមួយកុមារីរងគ្រោះ និងមិត្តភក្តិ។ បន្ទាប់មកមិត្តភក្តិ​ខ្លួន ​បានចេញទៅលេងខាងក្រៅ ស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់​ដោះ​ ហើយ​ក្មេង​ស្រី​រងគ្រោះ​បាន​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​ បាន​ប្រាប់​អ្នក​មើល​ថែ​អង្គការ​សមាគម​ទឹកដីសន្យា។

បើតាមសមត្ថកិច្ច នៅ​ដំណាក់កាល​នេះ ​ជនសង្ស័យ​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ​ ដោយ​អះអាង​ថា​ បាន​ត្រឹម​តែ​ប្រឡែង​លេង​ធម្មតា​ប៉ុណ្ណោះ៕