(សៀមរាប)៖ យុវជនដែលបង្ហោះរូបភាព យន្តហោះចុះចតខុសបច្ចេកទេស ថាកើតឡើងនៅខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ មុននឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ រូបគេបានសន្យា និងសូមទោសជាសាធារណៈ ចំពោះថ្នាក់ដឹកនាំ ស្នងការនគរបាលជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អំពីកំហុសខុសឆ្គងរបស់ខ្លួន។

យុវជនរូបនេះ បានសន្យាថា ខ្លួននឹងមិនធ្វើឲ្យមានករណីបែបនេះ ជាលើកទី២ឡើយ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជនមុននឹងធ្វើការបង្ហោះរូបភាព ឬខ្លឹមសារអ្វីមួយសូមគិតពិចារណាឲ្យបានច្បាស់លាស់ កុំឲ្យប៉ះពាល់សង្គម និងខ្លួនឯង។

យុវជនដែលបង្ហោះរូបភាពធ្លាក់យន្តហោះនោះ មានឈ្មោះ ផាវ សុជុំ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើលើយន្តហោះ (អូតេស) របស់ក្រុមហ៊ុនស្កាយអង្គរអ៊ែរឡាញ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ រូបគេបានបង្ហោះ Facebook ក្នុងគណនេយ្យរបស់ខ្លួន ឈ្មោះ «Bondet Panha Vatanak» នូវរូបភាពធ្លាក់យន្តហោះ និងសរសេរជាភាសាអង់គ្លេសថា «Aircraft come to completely stop and safe landed at siem reap» ដែលនាំឲ្យមានការបំពុល នូវព័ត៌មានមិនពិតនេះ បង្កភាពចលាចលសង្គម។ បន្ទាប់មកយុវជនរូបនេះ ក៏ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅសួរនាំ៕