(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា សហការជាមួយមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានរៀបចំការប្រឡងចម្រៀង «ណូដូជីម៉ាន់» លើកទី៨ សម្រាប់សិស្សនិស្សិត សិក្សាភាសាជប៉ុន ដោយមានបេក្ខជនចូលរួម ប្រឡងសរុបចំនួន១៤៧ក្រុម។

ក្នុងកម្មវិធីប្រឡងចម្រៀង «ណូដូជីម៉ាន់» លើកទី៨នេះ បានរៀបចំធ្វើឡើងនៅសាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ក្នុងបរិវេណវិទ្យាស្ថានភាសាបរទេស តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដែលមានការចូលរួមពី លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកបណ្ឌិត ឃឹម លាង នាយកមជ្ឍមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន។

កម្មវិធីនេះ ទទួលបានការឧបត្ថម្ភដោយក្រុមហ៊ុនឯកជន និងស្ថាប័នជាច្រើន ដែលមានដូចជា៖ ធនាគារកម្ពុជាសាធារណៈ សាលាតូរ្យតន្រ្តី Soundskool ក្រុមហ៊ុន Mates Global Communications ភោជនីយដ្ឋាន Yakiniku Garden Shiki សាលាតន្ដ្រីនាគព័ន្ធ ក្រុមហ៊ុន LOCOMO ភោជនីយដ្ឋានសូវ៉ាន់ ក្លឹបបាល់ទាត់ Cambodia Tiger ហាងខារ៉ាអូខេ Dream និងសមាគមជនជាតិជប៉ុននៅកម្ពុជា។

លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា «ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) បានរៀបចំកម្មវិធីប្រឡងកម្មវិធីប្រឡងចម្រៀងណូដូជីម៉ាន់ លើកទី៨ ក្នុងគោលបំណងចង់ឲ្យអ្នកសិក្សាភាសាជប៉ុនទាំងរីករាយ ក្នុងការសិក្សាតាមរយៈការច្រៀង ចម្រៀងជាភាសាជប៉ុន។ ខ្ញុំសង្ឃឹមថា លោក លោកស្រី ដែលមានវត្តមាននៅទីនេះ នឹងចូលរួមរីករាយជាមួយនឹងចម្រៀងជប៉ុនទាំងអស់គ្នា»។

លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា បានបន្ដទៀតថា ការប្រឡងចម្រៀងលើកនេះ បេក្ខជនដែលបានដាក់ពាក្យមក សរុបចំនួន១៤៧ក្រុម ក្នុងនោះមាន១៦ក្រុម បានជាប់ក្នុងវគ្គជំរុះនៅទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាប ដើម្បីចូលរួមប្រកួតវគ្គ ផ្ដាច់ព្រ័ត្រនៃការប្រឡងចម្រៀងនេះ។ ជាមួយគ្នានេះដែល ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ អ្នកសហការឧបត្ថម្ហទាំងអស់ ដែលចូលរួមសហការដើម្បីកម្មវិធីប្រកួតនេះ អាចប្រព្រឹត្តទៅបាន។

លោកបណ្ឌិត ឃឹម លាង នាយក CJCC បានឲ្យដឹងថា បេក្ខជនទាំងអស់ដែលវត្តមាននៅទីនេះ គឺសុទ្ធសឹងតែតែបេក្ខជន ដែលបានឆ្លងកាត់ វគ្គជម្រុះដ៏លំបាក ខ្ញុំសូមសរសើរដោយស្មោះចំពោះសមត្ថភាពរបស់ប្អូនៗ។

លោកបន្ដថា កម្មវិធីនេះ ក៏ជាផ្នែកមួយសម្រាប់រឹតចំណងមិត្តភាពរវាងកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់សិក្សាភាសាជប៉ុន នៅក្នុងកម្ពុជាដែលមានជំនាញផ្នែកសិល្បៈចម្រៀងឲ្យមានឱកាសបង្ហាញនូវទេសកោសល្យរបស់ខ្លួនជូនដល់ សាធារណជនស្គាល់។

សូមជម្រាបថា ការប្រលងចម្រៀង «ណូដូជីម៉ាន់» ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងបំណងជំរុញការសិក្សាភាសាជប៉ុន នៅកម្ពុជា គឺមិនត្រឹមតែផ្តល់នូវឱកាសដល់សិស្សកម្ពុជា ដើម្បីបង្ហាញនូវទេពកោសល្យរបស់ពួកគេ ក្នុងវិស័យវប្បធម៌ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដើរតួនាទី ដ៏សំខាន់ផងដែរក្នុងការលើកទឹកចិត្តសិស្ស និស្សិតឲ្យសិក្សាភាសាជប៉ុន៕