(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក វ៉ាន់ សែនវិសុទ្ធ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួន ឧកញ៉ា សុខ ហេង  ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្នរង់ចាំបន្តនីតិវិធី។

សេចក្តីរាយការណ៍បានបញ្ជាក់ថា ការសម្រេចឃុំខ្លួននេះ គឺឃុំខ្លួនតែឧកញ៉ា សុខ ហេង ប៉ុណ្ណោះខណៈបក្ខពួករបស់គាត់ផ្សេងទៀត មិនមានការចោទប្រកាន់ឡើយ។

សូមជំរាបថា នៅថ្ងៃទី២២ ខែកក្កដាម្សិលមិញ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក យ៉េត ចរិយា បានសួរនាំលោកឧកញ៉ា សុខ ហេង និង បក្ខពួកពាក់ព័ន្ធរឿងដីធ្លី ដែលត្រូវបានគេចោទប្រកាន់ថា ក្លែងឯកសារ និងបោះបង្គោលរំលោភដីរបស់គេ នៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ លោក សុខ ហេង ត្រូវបានចោទប្រកាន់ពីបទហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមមាត្រា២៥៣ នៃច្បាប់ភូមិបាល។

សូមបញ្ជាក់ថា កម្លាំងកងរាជរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ បានធ្វើការឃាត់ខ្លួនឧកញ៉ា សុខ ហេង នៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ឧកញ៉ា សុខ ហេង អាយុ៥១ឆ្នាំ ទីលំនៅផ្ទះលេខ៧៨WF ផ្លូវបេតុងច្រកទី៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ, ឈ្មោះ នុត រស្មី ភេទប្រុស ជាជំនួយការផ្ទាល់ឧកញ៉ា សុខ ហេង ទីលំនៅភូមិកោះបៀ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល និងឈ្មោះ យន់ ម៉ៅ ភេទប្រុស ទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕