(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពី «ជាតិ» ផ្ដើមចេញពីកត្ដាច្រើនយ៉ាង ក្នុងនោះអ្វីសំខាន់កំណត់ជាគោលនោះ គឺ «អក្សរ» នេះឯង។ ឧទាហណ៍ ព្រះរាជាណាចក្រកម្ពុជាយើង បើនិយាយពីជនជាតិខ្មែរយើង ដែលបានរស់នៅលើទឹកដីសុវណ្ណភូមិយើងនេះ គឺមានតំាងពីរាប់ពាន់ឆ្នាំមុនគ.ស.មកម៉្លេះ ប៉ុន្ដែបើនិយាយពីប្រវត្ដិសាស្រ្ដស្ដីពីការកកើតរដ្ឋ គេកំណត់លើភស្ដុតាង អក្សរសិលាចារឹកចាស់ជាងគេ K.600 នាស.វ.ទី៦នេះឯង។នេះហើយ ជាគុណតម្លៃ«អក្សរ»របស់ជាតិនីមួយៗ ក្នុងលោក។

បច្ចុប្បន្ន បើពិនិត្យអំពីប្រភពឯកសារ ដែលប្រើអក្សរ និងផ្សព្វផ្សាយយ៉ាងផុលផុសនោះ គឺមាន៖ សៀវភៅ ទស្សនាវដ្ដី និងកាសែត ជាដើម។ ក្នុងចំណោមប្រភពឯកសារទំាងនេះទៀតសោត ដោយស្របនឹងបច្ចេកវិជ្ជាពិភពលោក មានការរីកចម្រើន ផងនោះ អ្វីដែលយើងសង្កេតឃើញមានអ្នកប្រើប្រាស់ នឹងអានច្រើនជាងគេ គឺបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ តែក្នុងនោះក៏មានអ្នកលេង និងប្រើប្រាស់ហ្វេសប៊ុកខ្លះ បាននិងកំពុងសរសេរ «អក្សរជាតិ» ហាក់បង្កនូវភាពយ៉ាងអនាធិបេយ្យផងដែរ។ ឧទាហណ៍ ពាក្យថា «ខ្ញុំ» គេនំាគ្នាសរសេរ «ញុម, ញុំ, ញេម» ជាដើម។

ចំពោះពាក្យខុសឆ្គងទំាងនេះ ហាក់កំពុងក្លាយជាទីពេញនិយម នឹងស្ទើរក្លាយជាទម្លាប់សម្រាប់អ្នកលេងហ្វេសប៊ុក សព្វថ្ងៃនេះ។ នេះគឺគ្រាន់តែបង្ហាញ ជ្រុងដ៏តូចមួយប៉ុណ្ណោះ អំពីភាពច្របូកច្របល់ក្នុងសង្គម។

លោក រត្ន័ សណ្ដាប់ បន្ដថា ចំពោះមូលហេតុនៃការប្រើ «អក្សរជាតិ» ក្នុងហេ្វសប៊ុក បង្កនូវភាពច្របូកច្របល់បែបនេះ ក៏ព្រោះថា អ្នកសរសេរ ឬអ្នកផ្ដល់ព័ត៌មាន ក្នុងបណ្ដាញទំាងនេះ គឺចម្រុះដោយមនុស្សគ្រប់ជំពូកជាអាទិ៍៖ ចាប់ពីអ្នកស្រាវជ្រាវធំៗរហូតមកដល់អ្នកត្រឹមចេះអាន ឬសរសេរបន្ដិចបន្ដួច ក៏អាចមានតួនាទីធ្វើជា អ្នកផ្ដល់ព័ត៌មានឲ្យសង្គម បានផងដែរ។ បានន័យថា ចំពោះអ្នកផ្ដល់ព័ត៌មានក្នុងហ្វេសប៊ុក ពុំចំាបាច់រៀនជ្រៅជ្រះក៏បានដែរ។ ត្រង់ចំណុចនេះ ខុសពីអ្នកសរសេរសៀវភៅ កាសែត ឬអ្នកស្រាវជ្រាវផ្សេងៗទៀត គឺទាមទារឲ្យមនុស្សមានការអប់រំខ្ពស់ ទើបអាចធ្វើជាអ្នកផ្ដល់ព័ត៌មាន ដល់សង្គមបាន។

ជាសរុបលោក បានបញ្ជាក់ថា បើទោះជាយ៉ាងណាក្ដី ក៏យើងពុំគួរធ្វេសប្រហែស ឬបណ្ដែតបណ្ដោយនូវអ្វីដែលខុស រួចយើងពុំនំាគ្នាខិតខំកែតម្រូវនោះទេ។ បានសេចក្ដីថា បើយើងទុកយ៉ាងដូច្នេះគឺប្រាកដណាស់ យើងកំពុងនំាគ្នាដឹកដៃឲ្យកូនចៅយើងវង្វេង និងដើរផ្លូវខុស។ បើហេតុនេះដើម្បីបង្ហាញពីការស្រលាញ់ជាតិ មោទនភាពជាតិ គួរខេមរជនខ្មែរទំាងប្រុសទំាងស្រី ត្រូវស្វែងយល់ និងលើកអំពីគុណតម្លៃ «អក្សរជាតិ» របស់ខ្លួន ដោយផ្ដើមចេញពីបុគ្គលយើងម្នាក់ៗ ព្រោះថា «អក្សរ ជាគូនិងជាតិ»៕