(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានថ្លែងថា ការទៅចរចាជាមួយ លោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ដើម្បីស្នើឲ្យឡាវដកទ័ពនោះ គឺជាយុទ្ធសាស្រ្តការទូតដើម្បីឈ្នះៗ មិនមែនជាការឱនក្បាល ដូចការអត្ថាធិប្បាយរបស់អ្នកនយោបាយ និងអ្នកវិភាគលម្អៀងមួយចំនួននោះទេ។

ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានបុគ្គលមួយចំនួន ក្នុងនោះមានទាំងអ្នកវិភាគផងដែរ បានរិះគន់ទៅលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញទៅចរចាជាមួយឡាវ ដើម្បីឲ្យឡាវដកទ័ពចេញពីព្រំដែនកម្ពុជា គ្រាដែលកងទ័ពប្រទេសជិតខាងមួយនេះ បានចូលមកឈរជើងនៅលើព្រំដែន ក្នុងទឹកដីខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ ពួកគេចាត់ទុកថា ការទៅចរចានេះ គឺជាការឱនក្បាលដាក់សត្រូវ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបកស្រាយថា ការទៅចរចា​ជាមួយនាយករដ្ឋមន្រ្តីឡាវ​នេះ គឺជាការប្រើប្រាស់​អស់លទ្ធភាព ខណៈដែលកងទ័ពកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារទឹកដីរបស់ខ្លួន បើសិនជាឡាវមិនព្រមដកទ័ព មុនថ្ងៃ១៧ ខែសីហា ឆ្នាំ២០១៧ ដែលជាឱសានវាទទេនោះ។

សម្តេចថ្លែងថា «មនុស្សមួយចំនួនបាននិយាយថា គេឈ្លានពានហើយ ឱនក្បាលទៅរកគេទៀត ប៉ុន្តែសូមយល់ឱ្យច្បាស់ ការដែលខ្ញុំទៅប្រទេសឡាវ គឺស្នើឱ្យឡាវដកទ័ព បើឡាវមិនព្រមដកទ័ព យើងវ៉ៃ នេះគឺមិនខុសទេ យើងបានប្រើប្រាស់អស់សុឆន្ទៈនៃការចរចាហើយ។ ខ្ញុំសូមប្រាប់ នេះមិនមែនជាការចរចាទេ ក៏ប៉ុន្តែជាកម្រិតនៃនយោបាយ ដែលគេហៅថា ជានយោបាយការទូត ដែលមានភាពទន់ភ្លន់ និងសុឆន្ទៈ»

កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទៅជួប ចរចាជាមួយ លោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ ដើម្បីប្រាប់អំពីករណីកងទ័ពឡាវ ចូលក្នុងទឹកដីកម្ពុជា ត្រង់ចំណុចអូរអាឡៃ និងអូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ដែលវត្តមានរបស់កងទ័ពឡាវ នៅលើដីកម្ពុជានេះ អាចបង្កឲ្យមានសង្រ្គាមព្រំដែន។

ក្រោយអំពីការជួបចរចាជាមួយ សម្តេចតេជោ ហ៊ុន សែន អស់រយៈពេលមួយព្រឹក នាយករដ្ឋមន្រ្តីឡាវ លោក ថោងលន់ ស៊ីសូលីត បានប្រកាសឲ្យកងទ័ពឡាវដកខ្លួន ចេញជាបន្ទាន់ពីតំបន់ប្រឈមមុខដាក់គ្នា ហើយភាគីទាំងពីរបានណែនាំ ឱ្យក្រសួងការបរទេស និងគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ បន្តធ្វើការងារជាមួយគ្នា ឱ្យសកម្មបន្តទៀត ដើម្បីដោះស្រាយឱ្យរួចរាល់ នូវខ្សែព្រំដែន១៤ភាគរយទៀត ដែលនៅសេសសល់។

ប្រជាពលរដ្ឋ ដៃគូជាតិ អន្តរជាតិ បានសម្តែងការសាទរ ចំពោះជោគជ័យរបស់កម្ពុជា ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានចរចាឲ្យកងទ័ពឡាវដកចេញ ពីតំបន់ព្រំដែនក្នុងប្រទេសកម្ពុជា ត្រឹមរយៈពេលកន្លះថ្ងៃប៉ុណ្ណោះ ដោយមិនចាំបាច់ច្បាំង។

ក៏ប៉ុន្តែ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នោះ រួមទាំងអ្នកវិភាគខ្លះផង បានចាត់ទុកថា ការទៅចរចាជាមួយភាគីឡាវ ដោយគ្មានការច្បាំងនោះ គឺជាការឱនក្បាលទៅរកសត្រូវទៅវិញ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រទេសឡាវ គឺជាមិត្តរបស់កម្ពុជា មិនមែនជាសត្រូវនោះទេ ហើយការដែលមានទ័ពឡាវ នៅសេសសល់នៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជានោះ គឺជារឿងដែលថ្នាក់ដឹកនាំប្រទេសកំពូលរបស់ឡាវ ក្តាប់សភាពការណ៍មិនបាន។

សម្តេចថ្លែងយ៉ាងដូច្នេះថា៖ «មេបក្សដែលត្រូវចាប់ខ្លួន ក្រោយពីបានប្រមាថដល់កងទ័ពនោះ បែរជាប្រើពាក្យថា ខ្ញុំឱនក្បាលទៅរកសត្រូវ។ ឡាវមិនទាន់ជាសត្រូវរបស់យើងទេ ប៉ុន្តែរឿងរ៉ាវនៃការដកទ័ព គឺនៅលើយើង ប៉ុន្តែយើងក៏មិនទាន់បានទៅដល់ថ្នាក់កំពូលនៅឡើយដែរ»

សម្តេចបានបន្តទៀតថា បើសិនជាសម្តេច មិនទៅចរចាជាមួយនាយករដ្ឋមន្រ្តីឡាវពេលនោះ​ ម្ល៉េះពេលនេះឡាវ ក៏មិនព្រមដកកងទ័ពចេញដែរ ហើយបើសម្តេចមិនទៅចរចា នោះនឹងមានការផ្ទុះសង្គ្រាមព្រំដែនជាមិនខានឡើយ។

សូមបញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ បានកើតឡើង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីភាគីយោធាឡាវ បានចេញមកទប់ស្កាត់គ្រឿងចក្ររបស់ ភាគីកម្ពុជា ដែលឈូសឆាយ ដើម្បីធ្វើផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ដែលស្ថិតនៅតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ របស់ប្រទេសឡាវ៕