(ស្វាយរៀង)៖ ប្រជាពលរដ្ឋជាង៣ពាន់នាក់ ស្ថិតនៅស្រុកស្វាយ ខេត្តស្វាយរៀង បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ការថ្លែងអំណរគុណនេះ បន្ទាប់ពីនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ១៩១នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយឥតគិតថ្លៃ​ចំនួន៣,៤៩៨នាក់ ក្នុងនោះស្រ្តីមានចំនួនប្រមាណ២,២៩៥នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។ ដោ​យក្នុងនោះ​បានពិនិត្យព្យាលបាលជំងឺកុមារ៣២៧នាក់, ជំងឺស្រ្តី២១៦នាក់, ជំងឺផ្លូវចិត្ត១៩២នាក់, ជំងឺឫសដូងបាត២៥៧នាក់, ជំងឺសន្លាក់ឆ្អឹង១៧៩នាក់, ជំងឺរលាកសួត១៦៧នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១៩៩នាក់, ជំងឺភ្នែក១៨៧នាក់, ជំងឺសើរស្បែក២០៧នាក់, ជំងឺទឹកនោមផ្អែម១៧៩នាក់, ជំងឺមាត់ធ្មេញ២០៣នាក់, អេកូសាស្ត្រ២៥៧នាក់ និងជំងឺទូទៅ៩២៨នាក់។

ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកតា ពុធ សឿន អាយុ៨៩ឆ្នាំ ក៏បានមកពិនិត្យ-ព្យាបាល និងទទួលថ្នាំដោយឥតគិតថ្លៃ ហើយលោកតាបានសម្តែងនូវសេចក្តីរីករាយផងដែរ ដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី។

លោកតាមានឲ្យដឹងថា «ខ្ញុំពិតជាមានសេចក្តីរីករាយណាស់ ដែលក្រុមគ្រូពេទ្យចុះមកព្យាបាលខ្ញុំ និងបងប្អូនប្រជាពលរដ្ឋនៅភូមិឃុំនេះ»

សម្រាប់ប្រជាពលរដ្ឋវ័យចំណាស់ម្នាក់ទៀត អ្នកស្រី ម៉ៅ លី មានជំងឺរមាស់ខ្លួន និងឧស្សាហ៍វិលមុខ បានលើកឡើងថា «ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលមានពេទ្យមកពីភ្នំពេញ មកព្យាបាលដល់ខ្ញុំ និងបងប្អូនយើង ហើយនេះជាលើកទី១ហើយ ដែលខ្ញុំបានមកព្យាបាលនេះ ហើយមានការចែកថ្នាំដោយមិនយល់លុយទៀត ហើយរូបខ្ញុំពិតជាសប្បាយរីករាយណាស់»

អ្នកស្រីបានបន្ថែមថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះ ពិតជាល្អមែន ហើយអ្នកស្រីសុំស្នើដល់ក្រុមការងារទាំងអស់ ឧស្សាហ៍មកភូមិ ឃុំមួយនេះ ដើម្បីចុះជួយព្យាបាលជំងឺបងប្អូនប្រជាពលរដ្ឋ។ អ្នកស្រីបានសម្តែងទាំងក្តីសប្បាយចិត្តថា «អ៊ុំចង់ឲ្យពួកគាត់ឧស្សាហ៍មក បើបានមួយខែ២ដង គឺរិតតែល្អ»

សូមបញ្ជាក់ថារយៈពេល៥៦ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១,៩០៨នាក់ ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៧៩លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន១២០,០២០នាក់។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អ៊ុំលបង្ហាញពី លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕