(ភ្នំពេញ)៖ បុរសជាជនសង្ស័យម្នាក់ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាមានឈ្មោះ ហេង ជាមន្ត្រីយោធា ក៏ព្រោះតែទារលុយពីទីតាំងល្បែងហ្គេមបាញ់ត្រី មិនបាន ក៏កើតរឿងជម្លោះ ប្រតាយប្រតប់ជាមួយអ្នកមើលការខុសត្រូវ រហូតឈានទៅដល់ការដកកាំភ្លើងខ្លីបាញ់១គ្រាប់ បណ្ដាលឲ្យរាលកៃ ត្រូវចំស្ត្រីម្នាក់ ដែលកំពុងដឹកដៃកូន ដើរតាមដងផ្លូវ រងរបួសយ៉ាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុ ជនបង្ក បានរត់គេចខ្លួនសុវត្ថិភាព និងបន្សល់ទុកកាំភ្លើងម៉ាក K59 មួយដើម នៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ យ៉ាងច្រើនមកចោមរោមមើល នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវរថភ្លើង ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្បែរទីតាំងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុ វេលាម៉ោងប្រហែល៧យប់ គេបានឃើញបុរសសង្ស័យជាមន្ត្រីយោធា ឈ្មោះ ហេង បានជិះម៉ូតូដឹកស្ត្រីម្នាក់ពីខាងក្រោយ មកកាន់ចំណុចកើតហេតុ ដែលជាទីតាំងបនល្បែង ដើម្បីទារលុយពីអ្នកមើលការខុសត្រូវ ទីតាំងហ្គេមបាញ់ត្រី តែមិនបានសម្រេច ពោលគឺអ្នកមើលការខុសត្រូវ បនល្បែងមិនបានឲ្យលុយឡើយ ស្រាប់តែមួយសន្ទុះក្រោយ ក៏កើតរឿងឈ្លោះប្រទាក់សំដី រហូតប្រតាយប្រតប់គ្នាយ៉ាងខ្លាំង ធ្វើឲ្យបុរសឈ្មោះ ហេង ទាញកាំភ្លើងខ្លីបាញ់១គ្រាប់ បែរជារាលកៃត្រូវចំស្ត្រីម្នាក់កំពុងដឹកដៃកូន ដើរតាមដងផ្លូវទៅវិញ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះភ្លាមៗ ខណៈជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព និងបន្សល់ទុកកាំភ្លើងខ្លី១ដើម ម៉ាក K59 នៅកន្លែងកើតហេតុ។

បើទោះជាយ៉ាងនេះក្ដី ស្ត្រីជនរងគ្រោះ ដែលកំពុងដឹកដៃកូនដើរតាមដងផ្លូវសុខៗ ស្រាប់តែត្រូវគ្រាប់កាំភ្លើង បណ្ដាលឲ្យរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត សូមអំពាវនាវយ៉ាងទទូច ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពិសសនាយឧត្តមសេនីយ៍ លោក ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាមានវិធានការស្រាវជ្រាវវែកមុខ តាមចាប់ខ្លួនជនដៃដល់ឈ្មោះ ហេង ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាមន្ត្រីយោធា ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផង៕