(ឧត្តរមានជ័យ)៖ លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូល ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចស្រុក ចុះពិនិត្យផលិតផលអាហារ នំចំណីគ្រប់ប្រភេទ ដែលអាជីវករកំពុងដាក់តាំងលក់ ក្នុងផ្សារគោកមន ស្ថិតក្នុងស្រុកបន្ទាយអំពិល ដើម្បីរកនូវមុខទំនិញគ្មានគុណភាព និងនំចំណីព្រមទាំងគ្រឿងបរិភោគ វេចខ្ចប់ដែលគ្មានស្លាកសញ្ញាច្បាស់លាស់ ហួសកាលបរិច្ឆេត និងគ្រឿងកំប៉ុងច្រេះកំពិត ដែលនំចំណី ម្ហូបអាហារទាំងនោះធ្វើឲ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ដែលមិនទាន់មានការយល់ពីចំណេះមុខម្ហូបអាហារ។

លោក ខាន់ រ៉ាត់ បានថ្លែងថា​ ដោយស្រុកបន្ទាយអំពិល គឺជាស្រុកដែលដាច់ស្រយ៉ាលជាងគេ ទើបខាងសាខាកាំកុងត្រូលមានការយកចិត្តទុកដាក់ខ្ពស់ចុះពិនិត្យនិងបិទ Poster ព្រមទាំងពន្យល់ណែនាំដល់អាជីវករជាប្រចាំនាពេលកន្លងមក។

លោក ខាន់ រ៉ាត់ បន្តទៀតថា បន្ទាប់ពីចុះពិនិត្យបន្ថែម ឃើញថា អាជីវករក្នុងផ្សារគោលមន មានការយល់ដឹងច្រើន ដោយពួកគាត់មិននាំយកមកលក់នូវផលិតផល ម្ហូបអាហារនិងនំចំណីវេចខ្ចប់ណាដែលមានការផ្សព្វផ្សាយហាមឃាត់ពីអគ្គនាយកដ្ឋានកាំកុងត្រូលនោះទេ។

បើទោះជាមានក៏មានតិចតួចប៉ុណ្ណោះ ដោយក្នុងនោះនៅមានអាហារវេចខ្ចប់ជាប្រភេទត្រីខកំប៉ុងចំនួន៤ កំប៉ុង ដែលកំពិតខូចគុណភាព និងនំក្មេងមួយចំនួនដែលគ្មានស្លាកសញ្ញាច្បាស់លាស់ ប៉ុន្តែពេលនេះ ខាងអាជីវករទាំងនោះបានធ្វើកិច្ចសន្យាបញ្ឈប់ផងដែរ៕