(ភ្នំពេញ)៖​ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ អង្គភាពប្រឆាំងអំពើរពុករលួយ (ACU) និងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងតំណាងមកពី សហភាពសហព័ន្ធយុវជនកម្ពុជាផងនោះ បានជួបពិភាក្សាគ្នា ដើម្បីណែនាំការងារមួយចំនួនដល់ អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ខាងមុខ។

ក្នុងពិធីជួបសំណេះសំណាលនេះ ធ្វើឡើងនៅសាលសហសិក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានការអញ្ចើញចូលរួមពី លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក សុះ មុះសិន តំណាងរបស់លោក ហ៊ុន​ ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ដោយមាន បេក្ខជនជាង១០ម៉ឺននាក់ ហើយប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ​ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕