(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីប្រគល់អាហារូបករណ៍ របស់រដ្ឋាភិបាលចិន ដល់សិស្ស-និស្សិតកម្ពុជា សម្រាប់ឆ្នាំ២០១៧នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះថា រហូតមកដល់ពេលនេះសិស្ស-និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលចិន មានចំនួន១,១១០នាក់ ហើយឆ្នាំ២០១៧នេះ កម្ពុជានឹងបញ្ជូនបន្ថែមចំនួន១៨១នាក់ទៀត។

លោកបណ្ឌិតសភាចារ្យបានរំឭកថា ដើម្បីពង្រឹងការគ្រប់គ្រងចំនួនសិស្ស-និស្សិត ដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលចិន ក្រសួងអប់រំកម្ពុជា និងក្រសួងអប់រំចិន បានចុះកិច្ចព្រមព្រៀងស្ដីពី «កិច្ចសហប្រតិបត្តិការវិស័យអប់រំ» ចំនួន២លើក គឺនៅឆ្នាំ២០០៨ និងឆ្នាំ២០១៤ ដែលតាមរយៈកិច្ចព្រមព្រៀងនេះ ក្នុងមួយឆ្នាំៗមានសិស្ស-និស្សិតកម្ពុជាចំនួន ២០០នាក់ បានទៅសិក្សានៅប្រទេសចិន។

លោកបន្តថា ដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានសម្រេចផ្ដល់អាហារូបករណ៍ចំនួន៥០០កន្លែង ដល់សិស្ស-និស្សិតកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧ តទៅ មានន័យថា​ ចាប់ពីឆ្នាំ២០១៧នេះទៅ ចំនួនសិស្ស-និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ផ្លូវការ ពីរដ្ឋាភិបាលចិន នឹងកើនឡើងពី ២ទៅ៣ដង បើប្រៀបធៀបនឹងឆ្នាំ២០១៦។

លោកថ្លែងយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ ចំនួនសិស្ស-និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលចិន តាមរយៈកិច្ចសម្របសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា គឺចំនួន ១,១១០នាក់ រួមទាំងជ័យលាភី ១៨១នាក់ ដែលមានវត្តមាននៅពេលនេះផងដែរ»

លោកបន្តថា ក្រៅពីការចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា រដ្ឋាភិបាលចិនក៏បានចូលរួមជួយដល់វិស័យកីឡា និងយុវជនផងដែរ តាំងពីទសវត្សទី៥០ រហូតដល់បច្ចុប្បន្ន។

សូមជម្រាបថា បន្ទាប់ពីការប្រឡងយកអាហារូបករណ៍ ទៅសិក្សានៅប្រទេសចិន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនសិស្ស-និស្សិតដែលទទួលបានជ័យលាភីចំនួន ១៨១នាក់ ទៅសិក្សានៅប្រទេសមហាអំណាចមួយនេះ នាពេលខាងមុខ ដែលរៀបចំដោយក្រសួងអប់រំកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា៕