(កំពង់ស្ពឺ)៖ ក្រុមហ៊ុនដ៏ល្បីឈ្មោះមួយរបស់ប្រទេសកូរ៉េ ដែលកំពុងដំាដុះផ្លែស្វាយ លើផ្ទៃដី៣០០ហិកតា នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ខ្លួនកំពុងតែពង្រីកការដាំដុះស្វាយ និងប្រមូលទិញស្វាយបន្ថែមពីកសិករ ដើម្បីនាំចេញទៅកាន់ប្រទេសកូរ៉េ និងជប៉ុនឲ្យបាន ១ម៉ឺនតោនក្នុង១ឆ្នាំ។

ការបញ្ជាក់ពីការនាំចេញផ្លែស្វាយពីកម្ពុជានេះ ធ្វើឡើងក្នុងពេលដែល លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដឹកនាំក្រុមការងារមកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធចុះ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ដោយផ្ទាល់អំពីគម្រោង និងដំណើរការផលិតកម្មកសិកម្ម របស់ក្រុមហ៊ុនកូរ៉េ គឺក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យើងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី១៥ ខែសីហានេះ បានបញ្ជាក់ថា «បច្ចុប្បន្នក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd បានវិនិយោគលើផ្ទៃដីទំហំប្រមាណ៣០០ហិកតា ដើម្បីដាំដំណាំស្វាយ ដែល បច្ចុប្បន្នអាចប្រមូលផលផ្លែស្វាយបានប្រមាណ១,០០០តោនក្នុងមួយឆ្នាំ។ ក្រុមហ៊ុនគ្រោងនឹងដាំ និងប្រមូលទិញបន្ថែម សម្រាប់ការនាំចេញទៅប្រទេសកូរ៉េចំនួន ១០,០០០តោន ក្នុងមួយឆ្នាំ និងទីផ្សាជប៉ុនបន្ថែមទៀត»

ឆ្លៀតក្នុងឱកាសនេះ លោរដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មករ-កម្មការនី ដែលបម្រើការងារនៅក្នុងចំការរបស់ក្រុមហ៊ុន និងចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស កំពុងសិក្សានៅសាលាបឋមសិក្សា ដែលមានទីតាំងនៅក្នុងចំការរបស់ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd ហើយដែលសាលារៀននេះ ត្រូវបានឧបត្ថម្ភការសាងសង់ ដោយក្រុមហ៊ុនកូរ៉េនេះផ្ទាល់។

ជាមួយគ្នានោះ នៅថ្ងៃដដែលនោះដែរ លោក សុខ ចិន្ដាសោភា ដោយមានការចូលរួមពីសំណាក់ លោកប្រធានទីភ្នាក់ងារជំរុញការវិនិយោគ និងពាណិជ្ជកម្មកូរ៉េ (KOTRA) បានដឹកនាំក្រុមការងារ បន្តទស្សនកិច្ចនៅក្រុមមហ៊ុន MH Bio Farms មានទីតាំងស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានវិនិយោគលើផ្ទៃដី ទំហំប្រមាណ៨,០០០ហិកតា ដើម្បីដាំដំណាំមួយចំនួន ដូចជា ចេក អំពៅ ស្វាយ អាកាស្យា និងដែលបានបង្កើតការងារ ដល់បងប្អូនយើងប្រមាណ៣០០នាក់៕