(​ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្ម​ចិននៅថ្ងៃ​អង្គារនេះបាននិយាយថា ទីក្រុងប៉េកាំងនឹង​ចាត់វិធានការ​សកម្មភាព​ ដើម្បីការពារ​ផលប្រយោជន៍​ខ្លួនឯង បើសិនជា​ទីក្រុងវ៉ាស៊ីនតោន បំផ្លាញទំនាក់​ទំនង​ពាណិជ្ជកម្ម ក្រោយលោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យ​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក លោក រ៉ូប៊ឺត ឡៃធីស៊ឺ (Robert Lighthizer) បើកការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា ចិនបានលួចកម្មសិទ្ធិបញ្ញា​ពីបណ្ដាក្រុមហ៊ុន​អាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។

នេះអាច​និយាយបានថា គឺជាការចាត់វិធានការ​ដោយផ្ទាល់លើក​ដំបូងបំផុត ដោយរដ្ឋបាល លោក ដូណាល់ ត្រាំ ប្រឆាំង​នឹងចិន ហើយវាកើតឡើង​នៅចំពេលដែលលោក​ផ្ទាល់ កំពុងជំរុញឱ្យទីក្រុងប៉េកាំង​ដាក់សម្ពាធ និងទណ្ឌកម្មបន្ថែម​យ៉ាងតឹងរ៉ឹង សំដៅទប់ស្កាត់មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ ដោយឡែកជុំវិញ​បញ្ហានេះដែរ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បានលើកឡើង​ថា «សហរដ្ឋ​អាមេរិក គួរតែគោរព​រាល់បទបញ្ញតិ អនុឡោម​ទៅតាមការសន្យា​ជាមួយអង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) និងកុំបំផ្លាញ​គោលការណ៍​ពហុភាគី... ក៏ប៉ុន្តែបើសិនជា សហរដ្ឋអាមេរិក​មិនរវីរវល់ ឬក៏មិនគោរព​គោលការណ៍ពាណិជ្ជកម្ម​ទ្វេភាគី​ តាមរយៈការធ្វើសកម្មភាពបំផ្លាញ​ដល់ផលប្រយោជន៍​ពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ នោះទីក្រុង​ប៉េកាំង​ដាច់ខាត នឹងមិនឈរ​ឱបដៃមើលឡើយ ហើយមុខជានឹងចាត់វិធានការ ការពារផលប្រយោជន៍​របស់ខ្លួន»

គួរបញ្ជាក់ថា ក្រុមមន្ត្រី​រដ្ឋបាល លោក ដូណាល់​ ត្រាំ បានប៉ាន់ប្រមាណថា ការលួចកម្មសិទ្ធិបញ្ញា​ពីបណ្ដាក្រុមហ៊ុនអាមេរិកដោយ​ចិន មានទំហំទឹកប្រាក់ជាង ៦០០ពាន់​លានដុល្លារ រីឯលោក Robert Lighthizer អាចនឹងមាន​រយៈពេលមួយឆ្នាំ ក្នុងការគិតគូរថា គួរតែដំណើរការស៊ើបអង្កេត​លើគោលនយោបាយ​ចិនពាក់ព័ន្ធនឹង​កម្មសិទ្ធិបញ្ញា ឬក៏យ៉ាងណា។ ក៏ប៉ុន្តែ​ព្រមពេល​ជាមួយគ្នា ក្រសួង​ការបរទេសចិន​ក៏បានព្រមានដែរថា បើសង្គ្រាមពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក និងចិន​ផ្ទុះឡើង គឺមានតែអ្នកចាញ់​តែប៉ុណ្ណោះ មិនមាននរណាអាចឈ្នះឡើយ៕