(ភ្នំពេញ)៖ វគ្គបំប៉នត្រៀមប្រឡង​មធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) ដែលរៀបចំឡើងដោយ​ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងក្រសួងអប់រំ​ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះ ដោយទទួលបានផ្លែផ្កាគួរជាទីមោទនៈផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ស.ស.យ.ក ដែល Fresh News ទទួលបាន​នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ។

យោងតាមសេចក្ដីជូនដំណឹង បានឲ្យដឹងថា វគ្គបំប៉ននេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពសិស្ស ដើម្បីឲ្យទទួលបាន​លទ្ធ​ផល​កាន់តែប្រសើរ និងឈានទៅទទួលបាន និទ្ទេសល្អៗក្នុងការប្រឡង។ វគ្គបំប៉ននេះបានចាប់ផ្ដើមឡើងនៅថ្ងៃទី១៦ ខែកក្កដា និងត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះ ។

ជាលទ្ធផលនៃការបើកវគ្គបំប៉នរយៈពេល១ខែនេះ បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ គួរជាទីមោទនៈ ជាមួយគ្នានោះ ស.ស.យ.ក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ គណៈ​គ្រប់គ្រងវិទ្យាល័យ ដែលបានខិតខំអស់ពីកម្លាំង​កាយចិត្ត ក្នុងការផ្ទេរចំណេះដឹង និងសម្របសម្រួល ដើម្បីធ្វើយ៉ាងណាឲ្យប្អូនៗមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រឡង​នាពេលខាងមុខ៕