(ភ្នំពេញ)៖ ក្រុមចោរប្លន់៣នាក់ (ម្នាក់កំពុងរត់គេចខ្លួន) បានធ្វើសកម្មភាពបាញ់ប្លន់យកទ្រព្យសម្បត្តិពី ជនរងគ្រោះ៣នាក់ (២នាក់ជាគូដណ្តឹង និងម្នាក់ជាប្អូនស្រី) បណ្តាលឲ្យខាងប្រុសស្លាប់នោះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញលោក ខាំ ផារី បានចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» ដែលទោសនេះអាចប្រឈមនឹង ការជាប់ពន្ធនាគារ អស់មួយជីវិត យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដោយមិនទាន់គិតពីការទាមទារ ជម្ងឺចិត្តផងនោះទេ។

សូមបញ្ជាក់ថា ការចោទប្រកាន់លើបទល្មើសមួយនេះ បានធ្វើឡើងបន្ទាប់ពីតំណាងអយ្យការកាលពីពេលមុន បានចោទប្រកាន់ជនទាំង៣នាក់ ជាបទល្មើស «កាន់កាប់អាវុធខុសច្បាប់ និងលួចមានស្ថានទម្ងន់ទោស»។

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារ Fresh News ថា លោក ជួន សុខ រាសី ប្រធានក្រុមប្រឹក្សារនៃអង្គជំនុំជំរះ នឹងប្រកាសសាលក្រមនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២៩១៧។

សូមបញ្ជាក់ថា អំពើ​ប្លន់​បាញ់ប្រហារ​ប្លន់​យក​ទ្រព្យសម្បត្តិ​មួយនេះ​ ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៖​១៨​នាទី ​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​លេខ​២០៧ នៅ​ចំណុច​ផ្ទះ​លេខ​១៤៨​ស្ទួន ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា ​ជនសង្ស័យទី​១-​ឈ្មោះ​ចាន់ សុវណ្ណ ហៅ អា​ប៉ែត ទី២-ឈ្មោះ​ អ៊ុំ សួស្តី ហៅអាពៅ​ក្បាល​ធំ និងជនសង្ស័យ​ទី៣-​ឈ្មោះ​ ប៉ែន រ៉ា​ម៉េ​ត ​អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ (កំពុងរត់គេចខ្លួន)។​ ប្រតិបត្តិ​ការបង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​បានដកហូត​បាន​កាំភ្លើង​វែង​មួយ​ដើម​, កាំភ្លើងខ្លី​២​ដើម​, អាយកូម​អាយ​ឌី​៣​គ្រឿង​, ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​, ស្លាក​លេខ​ម៉ូតូ​២ ​និង​វត្ថុ​តាម​មួយចំនួនទៀត។​ ជនរងគ្រោះ​មាន​គ្នា​បីនាក់​ទី​១-​ឈ្មោះ ចាន់ សុខ​ជា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​ជា​និស្សិត ស្នាក់នៅ​ផ្ទះកើតហេតុ រងរបួស​ចំ​សៀតផ្កា​១​គ្រាប់​,​ ថ្ពាល់​ស្តាំ​មួយ​គ្រាប់ ​និង​ដៃស្តាំ​មួយគ្រា​ប់ ​(​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​) ទី​២-​ឈ្មោះ ចាន់ ស្រី​ប៉ ភេទ​ស្រី​អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស ត្រូវជា​បងប្អូន​បង្កើត​ជាមួយ​ជនរងគ្រោះ (​រងរបួស​ស្រាល​)​និង​ទី​៣-​ឈ្មោះ នេ​ត សុធា​រ័ត្ន ភេទ​ស្រី​អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ​សង្កាត់​-ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​រងរបួស​ជើង​) ត្រូវជា​គូ​ដណ្ដឹង​ជាមួយ​ឈ្មោះ ចាន់ សុខ​ជា​។

នៅ​មុនពេល​កើតហេតុ ពួកគេ​ទាំងបី​នាក់​ ទើបតែ​មកពី​កម្មវិធី​មិត្ត​ភ័​ក្រ​នៅ​កោះ​ពេជ្រ ដោយ​ជិះ​រថយន្ដ​ម៉ាក ឡិច​ស៊ីស​GS300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AI-8799​។​ ​ពេលដែល​មកដល់​ខាងមុខផ្ទះ​ឈ្មោះ នេ​ត សុធា​រ័ត្ន ដែល​ត្រូវជា​គូ​ដណ្ដឹង​របស់​បងប្រុស ​បាន​ចុះ​ពី​រថយន្ដ​មក​បើកទ្វារ​ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​បីនាក់ ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ​C110 (​សង់​ប៊ិច​) ​ពណ៌​ខ្មៅ​មួយគ្រឿង និង​ម៉ាក​ឃ្លី​ក ពណ៌​ស​មួយគ្រឿង (​មិន​ចាំ​ស្លាក​លេខ​) បានមក​ឈប់​ខាងក្រោយ​រថយន្ដ ​ហើយ​មាន​ម្នា​ក់បាន​ចុះ​ពី​ម៉ូតូ​សំដៅ​មក​បងស្រី​ដែល​កំពុងបើក​ទ្វារផ្ទះ​។​

​ពេលដែល​ឃើញ​ដូច្នេះ ​រូបគាត់​ក៏​ចុះទៅ​ជួយ​បងស្រី​ទាំង​ដៃ​កាន់​ទូរស័ព្ទ​មួយគ្រឿង​ ហើយក៏​ត្រូវ​ជនសង្ស័យ​ដណ្ដើម​យកបាន ចំណែក​បងប្រុស​ពេលដែល​ឃើញ​ជនសង្ស័យ​ប្លន់​យក​ទូរស័ព្ទដៃ​បាន ក៏​បើករថយន្ដ​​បំ​បុក​ជនសង្ស័យ ​តែ​មិនត្រូវ​បែរជា​បុក​ត្រូវ​គូ​ដណ្ដឹង​របស់ខ្លួន​ទៅវិញ ​និង​បាក់​ទ្វារផ្ទះ​ថែមទៀត ហើយ​ជនសង្ស័យ​បាន​ដក​កាំភ្លើង​បាញ់​ទម្លុះ​កញ្ចក់​រថយន្ដ​៣​គ្រាប់ ​បណ្ដាលឱ្យ​ត្រូវ​ក្បាល​ជនរងគ្រោះ​ចំនួន​ពីរ​រងរបួស​ធ្ងន់ ហើយ​ជនល្មើស​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តែម្ដង​។​

ក្រោយ​កើតហេតុ​ ជនរ​ងរ​គ្រោះ​ពីរ​នាក់ ដែល​ត្រូវជា​គូ​ដណ្ដឹង​នឹង​គ្នា ​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ អកុសល​បុរសរងគ្រោះ​បានទទួល​មរណភាព​៕​