(ភ្នំពេញ)៖ យន្តហោះប្រភេទ «Airbus 320» ដ៏ថ្មីសន្លាងមួយគ្រឿងទៀត ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី អ៊ីនធើណេសិនណល អ៊ែរឡាញ (JC Airlines) នាំពីប្រទេសអាល្លឺម៉ង់ ចូលមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ ដើម្បីបម្រើសេវាហោះហើរនៅកម្ពុជា ដែលកំពុងកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ហើយក្រុមហ៊ុនមួយនេះ នឹងនាំចូលយន្តហោះថ្មីសន្លាងប្រភេទដដែរមួយគ្រឿងទៀត នៅខែកញ្ញា ខាងមុខនេះ។

ពិធីទទួលយន្តហោះថ្មីសន្លាង «Airbus 320» នាព្រឹកនេះ មានការចូលរួមពីចូលរួមពី លោក Tang Chun អគ្គនាយកក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ(JC Airlines) លោក Charles Vann ទីប្រឹក្សាក្រុមហ៊ុន JC Airlines, លោក កែវ ស៊ីវន អគ្គនាយកអាកាសចរស៊ីវិលផ្នែកបច្ចេកទេស រួមនឹងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកក្រុមហ៊ុនជាច្រើននាក់ នៅអាកាសយាន្តដ្ឋានអន្តរជាតិ ភ្នំពេញ។

ក្នុងឱកាសនោះ លោក Charles Vann បានលើកឡើងថា «ក្រុមហ៊ុន ជេស៊ី បច្ចុប្បន្នយើងចុះបញ្ជីនៅជាប្រទេសកម្ពុជាជាជនជាតិខ្មែរ១០០ភាគរយ ហើយសព្វថ្ងៃនៅកម្ពុជា វិស័យទេសចរមានការកើនឡើងយ៉ាងធំធេង ហេតុដូច្នេះហើយទើបក្រុមហ៊ុន ជេស៊ី ត្រៀមបន្តក្នុងការវិនិយោគ»

លោកបន្តថា ដោយការឃើញនូវភាពរីកចម្រើនទាំងនេះ ធ្វើឲ្យក្រុមហ៊ុនអាកាសចរមួយនេះ សម្រេចចិត្តបន្ថែមយន្តហោះជាបន្តបន្ទាប់ ហើយសព្វថ្ងៃក្រុមហ៊ុនជេស៊ី មានគម្រោងធ្វើការហោះហើរ ទៅប៉ែកខាងអ៊ឺរ៉ុប ហើយនឹងត្រៀមហោះហើរទៅប្រទេសចិនផងដែរ ហេតុដូច្នោះហើយក្រុមហ៊ុនត្រូវមានពេលវេលាមួយក្នុងការរៀបចំបែបបទ ទៅអាជ្ញាធរទៅប្រទេសនីមួយៗ ដើម្បីធ្វើការផ្សារភ្ជាប់ជាមួយទំនាក់ទនងដ៏ល្អ។

ក្រុមហ៊ុនជេស៊ី ក៏បានកំពុងធ្វើការហោះហើរជាអន្តរជាតិ ទៅកាន់ទីក្រុងតៃប៉ិ, ទីក្រុងកៅស៊ុង, ប្រទេសតៃវ៉ាន់, ទីក្រុងហូជីមិញ, ប្រទេសវៀតណាម និងទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីហើយ នេះជាលទ្ធផលនៃការជឿជាក់ប្រកបដោយភាពកក់ក្តៅ កិត្យានុភាព បទពិសោធន៍ និងតម្លៃសមរម្យលើសេវាហោះហើរ ដល់អ្នកដំណើរដែលជាការតភ្ជាប់ទីផ្សារ ហោះហើរទាំងក្នុងស្រុកនិងក្នុងតំបន់។

លោក កែវ ស៊ីវន បានបញ្ជាក់ថា «ចំពោះតំបន់របស់យើងមានសក្តានុពលខ្ពស់ណាស់ ក្នុងការប្រើប្រាស់យន្តហោះម៉ាក Airbus 320នេះ ក៏ដោយសារទីតាំង និងទីផ្សារមានការវាយលុកខ្លាំង ហើយបញ្ហាផ្សេងទៀត គឺការស្វែងរកអ្នកបម្រើការងារនៅក្នុងយន្តហោះ ដូចជាអាកាសយោនិក កាពីទែន គឺមានជនជាតិខ្មែរ ហើយយាយដោយត្រង់ទៅគឺស្រូបនូវធនធានខ្មែររបស់យើងបានច្រើន ហើយមានការរីកចម្រើនខ្លាំង»

លោកបន្ថែមថា សព្វថ្ងៃក្រុមហ៊ុនក្នុងស្រុក តែងតែមានការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនក្នុងស្រុកដូចគ្នា ហើយមួយវិញទៀតត្រូវមានការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនអន្តរជាតិ ដែលទាំងអស់នេះជាការសំខាន់ណាស់ ដោយឡែកក្រុមហ៊ុនដែររកស៊ីក្នុងស្រុករបស់កម្ពុជា គឺមានផែនការច្បាស់លាស់ណាស់។ លើសពីនេះលោកក៏បានកោតសរសើរ លើក្រុមហ៊ុន ជេស៊ី អ៊ែរឡាញនេះ ថាមានការយកចិត្តទុកដាក់ខ្ពស់ និងមានផែនការច្បាស់លាស់ ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។

ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុនជេស៊ី នឹងបើកជើងហោះហើរទៅកាន់ ប្រទេសសឹង្ហបុរី ជាមួយសេវាយ៉ាងល្អ និងការផ្តល់ជួនតម្លែពិសេស សម្រាប់ទេសចរនិងដៃគូរពាណិជ្ជកម្ម។ ក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៏ជេស៊ី មាននឹងគ្រោងបើកការហោះហើរ ជាអន្តរជាតិបន្ថែមទៀតរវាង ទីក្រុងភ្នំពេញ និងហុងកុង ដែលនឹងក្លាយជាផ្លូវហោះហើរថ្មីបន្ថែមទៀត ដើម្បីប្រែក្លាយអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ជាទីប្រជុំនៃជើងហោះហើររបស់អាស៊ាន។

ចក្ខុវិស័យនៃការពង្រីកវិសាលភាព ជើងហោះហើរដ៏មហិច្ឆិតា និងផែនការសកម្មភាពយ៉ាងច្បាស់លាស់ របស់ក្រុមហ៊ុន អាចឲ្យមានការពង្រីកការហោះហើរ ឆ្ពោះទៅកាន់បណ្តាប្រទេសជាច្រើនដូចជា កូរ៉េ ជប៉ុន និងបណ្តាខេត្តរបស់ប្រទេសចិន ដែលមានជាទីក្រុងមានសក្តានុពល ដូចជា៖ Beijing, Shanghai, Guangzhou, Shenzhen, Chengdu and Guiyang ផងដែរ។

សូមបញ្ជាក់ថា នេះជាយន្តហោះទី៤ហើយ ដែលក្រុមហ៊ុនអាកាសចរ JC International Airlines បាននាំចូលក្នុងការបម្រើនៅជើងហោះហើរនៅកម្ពុជា ហើយលើកទី១មានចំនួន ២គ្រឿង ហើយត្រូវបាននាំចូលក្នុងខែកុម្ភៈ និងលើកទី២ ក្នុងខែមិថុនា ហើយនៅថ្ងៃនេះជាលើកទី៣ហើយ នៅក្នុងខែសីហានេះ ក្រុមហ៊ុនអាកាសចរ របស់កម្ពុជា ជេស៊ី នឹងនាំចូលនៅយន្តហោះទី៥ របស់ខ្លួន នៅខែកញ្ញា ខាងមុខនេះផងដែរ៕