(ពោធិ៍សាត់)៖ បើគេនិយាយពីខេត្តពោធិ៍សាត់ គេគិតថា ខេត្តមួយនេះមិនសូវមានអ្វីធំដុំនោះទេ ព្រោះខេត្តនេះមិនទាន់មានផ្សារទំនើប មិនទាន់មានអគារធំៗ ក៏មិនសូវមានតំបន់បតិកភណ្ឌវប្បធម៌ល្បីល្បាញ ដូចនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបអង្គរឡើយ។ ប៉ុន្តែបើគេស្គាល់ខេត្តពោធិ៍សាត់ឲ្យច្បាស់បន្តិច ទឹកដីភាគខាងលិចនៃប្រទេសកម្ពុជាមួយនេះ គឺជាអប្សរព្រហ្មចារីម្នាក់ដែលកំពុងលាក់អាត្មាក្នុងពិភពធម្មជាតិដ៏ស្រស់បំព្រង គួរជាទីគយគន់។

តើកំណប់អ្វីខ្លះ ដែលមាននៅខេត្តពោធិ៍សាត់ ហើយមិនទាន់មានអ្នកឃើញ មិនទាន់មានអ្នកទៅទស្សនាកម្សាន្ត? ដើម្បីគាស់កកាយកំណប់អាថ៌កំបាំងនានា ដែលជាតំបន់ទេសចរណ៍លាក់ក្នុងខេត្តពោធិ៍សាត់នេះ ក្រុមការងារ «មែកសឺដែស និងកំណប់អាថ៌កំបាំង» ដែលជាកម្មវិធីមួយបង្កើតឡើងក្រោមការសហការរវាងក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា ដែលជាក្រុមហ៊ុននាំចូលរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ «Mercedes-Benz» ពួតដៃជាមួយអង្គភាពព័ត៌មានដ៏ល្បីនៅកម្ពុជា Fresh News និង Thmey Thmey បានធ្វើដំណើរឆ្ពោះទៅខេត្តពោធិ៍សាត់ ដើម្បីតាមស្វែងរកកំណប់ទេសចរណ៍ទាំងនោះ យកមកសរសេរផ្សព្វផ្សាយ និងផ្ដិតយករូបភាពមកបង្ហាញជូនទស្សនិកជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យបានឃើញ បានស្គាល់ ក៏ដូចជាចាប់អារម្មណ៍ចង់ទៅទស្សនាផងដែរ។

ជាការពិតណាស់ ខេត្តពោធិ៍សាត់ ក្រៅពីទីប្រជុំជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចគយគន់ទស្សនាទេសភាពធម្មជាតិដ៏ខៀវស្រងាត់ តាមជួរភ្នំក្រវាញដេកសណ្ដូកកាត់ព្រៃប្រឹក្សា ជាមួយចម្រៀងបក្សាបក្សីខ្ញៀវខ្ញារ និងហ្វូងភូមិរាត្រងទឹកសន្សើម នាវេលាអរុណោទ័យ។ ចូលទៅជ្រៅបន្តិច អ្នកទេសចរនឹងបានឃើញក្រពើភ្នំសម្ងំដេកក្នុងទឹក ដំរីធំៗកំពុងឈរបោចស្មៅ ហ្វូងខ្ទីងគាស់ដីសំលៀងស្នែង ខ្លាឃ្មុំសម្របតាមដើមឈើ លាយលំជាមួយសំឡេងទឹកធ្លាក់បែកផ្កាត្រែង សែនត្រជាក់ចិត្តគួរជាទីរមនា។

មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានជួបសាកសួរជាមួយបងប្អូនប្រជាពលរដ្ឋម្ចាស់ស្រុក ដែលរស់នៅតាមផ្ទះបណ្តែតទឹកលើផ្ទៃបឹងទន្លេសាប និងបានឃើញប្រជាសហគមន៍ជនជាតិភាគតិច កំពុងប្រកបរបរប្រចាំថ្ងៃក្នុងជីវភាពបែបជនបទដ៏សម្បូរបែប។ និយាយជារួម តំបន់ទេសចរណ៍ខេត្តពោធិ៍សាត់នៅ «ព្រហ្មចារី» ឬនៅអាថ៌កំបាំងយ៉ាងច្រើន។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ «មែកសឺដែស និងកំណប់អាថ៌កំបាំង» លោក អ៊ឹង គឹមលាង អភិបាលរង ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ខេត្តពោធិ៍សាត់ មានតំបន់ទេសចរណ៍ធំៗចំនួន ៣តំបន់ ដែលទាក់ទាញទេសចរណជាតិ-អន្តរជាតិ។ តំបន់ទី១៖ គឺតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត, តំបន់ទី២៖ តំបន់ទេសចរណ៍ធម្មជាតិជួរភ្នំក្រវាញ​ ដែលលាតសន្ធឹងចាប់ពីខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង និងបាត់ដំបង និងទី៣៖ គឺតំបន់ទេសចរណ៍បឹងទន្លេសាប ដែលមានប្រវែង៨១គីឡូម៉ែត្រ ចាប់ពីឆ្នុកទ្រូ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ព្រែកទាល់ ខេត្តបាត់ដំបង។ តំបន់ទេសចរណ៍សំខាន់ៗមានប្រមាណជាង២០កន្លែង។

លោកថ្លែងយ៉ាងដូច្នេះថា «តំបន់ទេសចរណ៍មួយចំនួន ដែលខ្ញុំបានរៀបរាប់ខាងលើនេះ មិនទាន់មានទេសចរជាតិ-អន្តរជាតិ ទៅទស្សនាកម្សាន្តច្រើននៅឡើយទេ ដោយសារភូមិសាស្រ្តប្រឈមការលំបាកច្រើន»

លោក អ៊ឹង គឹមលាង បានបន្តថា តំបន់បឹងទន្លេសាប ភ្ញៀវទេសចរបរទេសចូលចិត្តទៅទស្សនាជារៀងរាល់ថ្ងៃ និងរៀងរាល់ចុងសប្តាហ៍ ព្រោះនៅតំបន់នេះ ពួកគេចូលចិត្តទស្សនាផ្ទះបណ្តែតទឹក និងចូលចិត្តស្វែងយល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្រៅពីតំបន់បឹងទន្លេសាប ទេសចរបែបផ្សងព្រេងចូលចិត្តចូលទៅទស្សនារមណីយដ្ឋានអូរសោម ទឹកធ្លាក់ឆាយរកា ទឹកធ្លាក់ឆាយខ្ពស់ ដែនជម្រកសត្វព្រៃភ្នំសំកុស សហគមន៍ជនជាតិភាគតិច (ជនជាតិជង និងពណ៌)។ នៅព្រៃភ្នំសំកុសនេះ ជនបរទេសអាចទស្សនាសត្វព្រៃ ដូចជា ដំរី ខ្ទីង និងខ្លាឃ្មុំជាដើម។ បើនិយាយពីសណ្ឋានវិញ ភ្នំសំកុសមានកម្ពស់ដល់ទៅ ១,៧១៧ម៉ែត្រ ពោលគឺជាភ្នំដែលមានកម្ពស់លំដាប់ទី២ បន្ទាប់ពីភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានកម្ពស់ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា ១,៨១៣ម៉ែត្រ។ ចំណែកតំបន់អូរសោមវិញ ក៏មានសត្វក្រពើភ្នំ ដែលអាចឲ្យទេសចរឈរទស្សនាបានដែរ។ តំបន់ទាំងអស់មានអាកាសធាតុត្រជាក់ល្អ ដែលអាចឲ្យគេដាំដំណាំ Strawberry បានទៀតផង។

លោកថា តំបន់ទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសទេសចរក្នុងស្រុកតែងតែចូលទៅទស្សនា ជារៀងរាល់ថ្ងៃ និងរៀងរាល់ចុងសប្តាហ៍នោះ គឺតំបន់ប្រវត្តិសាស្រ្តលោកតា ឃ្លាំងមឿង។ ប្រជាពលរដ្ឋតែងតែមកបន់ស្រន់សុំសេចក្តីសុខ រកស៊ីទទួលទានមានបាន។ នៅមានមណ្ឌលវប្បធម៌ កោះសំពៅមាស តែងមានប្រពលរដ្ឋមកហាត់ប្រាណ និងលំហែកាយពេលល្ងាច។ លើសពីនេះ ពលរដ្ឋខ្មែរក៏ចូលចិត្តទៅទស្សនារមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង និងទឹកធ្លាក់ល្បាក់កំរោណផងដែរ។

បើតាមលោក អ៊ឹង គឹមលាង ភ្ញៀវទេសចរបរទេស បានចូលមកទស្សនាខេត្តពោធិ៍សាត់ក្នុងមួយឆ្នាំៗ មានប្រមាណ ៦,៤៦២នាក់ និងភ្ញៀវទេសចរក្នុងស្រុកមានចំនួន ២៧៥,០២៨នាក់ ខណៈនៅទូទាំងខេត្ត មានសណ្ឋាគារចំនួន៤ ស្មើនឹង ៣២៣បន្ទប់ និងផ្ទះសំណាក់ចំនួន ២៨កន្លែង ស្មើនឹង ៣៣៩បន្ទប់ សរុបទាំងអស់មានជាង ៦០០បន្ទប់។