(មណ្ឌលគិរី)៖ សត្វព្រៃរស់ និងស្នែងសត្វព្រៃជាច្រើនប្រភេទ ត្រូវបានសមត្ថកិច្ចបង្រ្កាបចល័ត (វ៉ាយអេត) សហការជាមួយមន្រ្តីជំនាញក្នុងមូលដ្ឋាន ស្រុកអូររាំង ដឹកនាំកម្លាំងបង្រ្កាបដឹកនាំដោយលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ជាលទ្ធផលកម្លាំងចម្រុះ បានធ្វើការរឹបអូសបានវត្ថុតាងល្មើសជាច្រើនប្រភេទ និងឃាត់ខ្លួនម្ចាស់ផ្ទះបានម្នាក់ផងដែរ។

ជាមួយគ្នានេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានសម្តែងនូវការមិនសប្បាយចិត្ត ចំពោះបទល្មើសសត្វព្រៃ ដែលបានកើតឡើងដដែលជាដដែល នៅក្នុងតំបន់នេះ។ លោកអភិបាលបានធ្វើការស្តីបន្ទោសធ្ងន់ៗ ទៅលើមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនថា អសត្ថភាពក្នុងការទប់ស្កាត់ និងបង្រ្កាបឲ្យមានប្រសិទ្ធភាព។

លោកអភិបាល ក៏បានសង្កត់ធ្ងន់ និងដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុត ស្នើឲ្យសមត្ថកិច្ច និងមន្រ្តីជំនាញគ្រប់ប្រភេទ ព្រមទាំងមន្រ្តីអនុវត្តច្បាប់ នៅខេត្តមណ្ឌលគិរី រួមសហការគ្នាធ្វើការទប់ស្កាត់ និងបង្រ្កាបចាត់វិធានការណ៍តាមនីតិវិធីច្បាប់ ឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយគុណភាព ចំពោះបទល្មើសសត្វព្រៃ ដែលបានកើតឡើង ក៏ដូចជាបទល្មើសផ្សេងៗទៀត ដើម្បីឈានទៅរកការលុបបំបាត់ការធ្វើការជួញដូរ និងចរាចរណ៍សត្វព្រៃគ្រប់ប្រភេទ។

លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃនេះថា ក្នុងប្រត្តិបតិការចុះបង្រ្កាបខាងលើ កម្លាំងជំនាញបានធ្វើការរឹបអូស បានវត្ថុតាងរួមមាន៖ សត្វរញីចំនួន៣ក្បាល ងាប់មួយក្បាល ស្នែងប្រើសតូចចំនួន៦ ស្នែងប្រើសធំចំនួន៣ក្បាល សាច់ស្រស់ជាប់ឆ្អឹងក្បាល ប្រើសធំចំនួន១ក្បាល ស្នែងឈ្លូសចំនួន២ក្បាល ស្នែងទន្សោងធំចំនួ១ក្បាល ស្នែងកេះចំនួន១គូរ ស្រការពង្រូល និងឆ្អឹងចំនួន១គូរ ព្រមទាំងស្នែងប្រើសបាក់បែកមួយចំនួនធំទៀត។

ដោយឡែកជនសង្ស័យដែលត្រូវឃាត់ខ្លួននោះឈ្មោះ គុយ លាងហួរ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាម្ចាស់ផ្ទះស្តុកវត្ថុតាង។ នៅពេលនេះខាងជំនាញកំពុងធ្វើការរឹបអូសវត្ថុតាង និងមនុស្សដែលជាប់ពាក់ព័ន្ធករណីនេះ រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យកា ដើម្បីចាត់ការតាមផ្លូវច្បាប់៕