(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមហ៊ុន CFOCN និងក្រុមហ៊ុន HUAWEI បង្កើនការដំឡើងបច្ចេកទេសតភ្ជាប់ កាម៉េរាសុវត្ថិភាពក្នុងទីក្រុង ​ក្នុងតាមភ្លើងស្តុបទាំង៦០០គ្រឿង ក្នុងរាជធានីភ្នំពេញ ពីព្រោះវាជារឿងចាំបាច់ ក្នុងការជួយកាត់បន្ថយការកកស្ទះចរាចរណ៍ តាមរយៈមជ្ឈមណ្ឌលប្រចាំបញ្ជា នៅក្នុងសាលារាជធានីភ្នំពេញ និងតាមដានពីបទល្មើស ដែលកើតមានឡើងលើដងផ្លូវនានាក្នុងក្រុង។

កិច្ចប្រជុំស្តីពីការធ្វើឲ្យមានវឌ្ឍនភាព នៃការដំឡើងកាម៉េរាសុវត្ថិភាព ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានថ្លែងថា ការណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការដំឡើងកាម៉េរាសុវត្ថិភាព តាមភ្លើងស្តុបទាំង៦០០គ្រឿង ក្នុងរាជធានីភ្នំពេញ ជារឿងចាំបាច់ក្នុងការជួយកាត់បន្ថយការកកស្ទះចរាចរណ៍ តាមរយៈមជ្ឈមណ្ឌលប្រចាំបញ្ជា នៅក្នុងសាលារាជធានីភ្នំពេញ និងតាមដានពីបទល្មើស ដែលកើតមានឡើងលើដងផ្លូវនានាក្នុងក្រុង។

ដោយសារតែនេះជារឿងសំខាន់ចាំបាច់ លោកអភិបាលបានប្រាប់ឲ្យក្រុមហ៊ុន CFOCN និងក្រុមហ៊ុនHUAWEI ដែលជាទទួលដំឡើងកាម៉េរាសុវត្ថិភាពនេះ ត្រូវរាយការជាលាយលក្ខ័អក្សរ មករដ្ឋបាលរាជធានីភ្នំពេញ ត្រឹមថ្ងៃចន្ទ័សប្តាហ៍ក្រោយ ពីចំណុចខ្វះខាតដែលក្រុមហ៊ុនអនុវត្តមិនបានលឿន ទៅតាមកិច្ចសន្យា។

លោកបន្តថា «វាជាកិត្តិយសរបស់ក្រុមហ៊ុនដែរ នៅពេលក្រុមហ៊ុនជំរុញធ្វើការងារនេះ។ យើងត្រូវប្រឹងប្រែងអនុវត្តឲ្យបានលឿន លើការបំពាក់កាម៉េរាសុវត្ថិភាពតាមដងផ្លូវនេះ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងលើកកំពស់សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ»

ជាមួយគ្នានេះលោក ឃួង ស្រេង បន្តណែនាំដល់ក្រុមហ៊ុន និងមន្ត្រីជំនាញត្រូវធ្វើការគិតគូលើការច្របាច់បញ្ចូលគ្នា តាមប្រព័ន្ធ Network ភ្ជាប់រវាងកាម៉េរាសុវត្ថិភាពរបស់ រាជធានីភ្នំពេញទាំង៦០០គ្រឿង ជាមួយប្រពន្ធ័កាម៉េរាសុវត្ថិភាពរបស់អគ្គស្នងការនគរបាលជាតិ ដែលមានជាង៤០០គ្រឿង ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកទេសក្នុងការប្រើប្រាស់កាម៉េរាសុវត្ថិភាពថ្មីនេះ។

សូមបញ្ជាក់ថា មកដល់ពេលនេះកាម៉េរាសុវត្ថិភាពចំនួន៤៦២ទីតាំង ក្នុងចំណោម៦០០គ្រឿង បានដំណើរការហើយ នៅសល់ជាង១០០ទីតាំងទៀត មិនទាន់បានដំណើរការ ដែលអាជ្ញាធរនឹងជំរុញឲ្យបានលឿននៅចុងខែនេះ៕