(ភ្នំពេញ)៖ កម្ពុជា ទទួលបានមេដាយសំរិទ្ធិ៦២ ប្រាក់៥ និងមាស៣ ពីការប្រឡងគណិតវិទ្យា យុវជនអន្តរជាតិ អូឡាំព្យាដ(IJMO: International Junior Math Olympiad) ដែលប្រារព្ធធ្វើឡើង ជាលើកដំបូងនៅកម្ពុជា នៅសាកលវិទ្យាល័យហ្សាម៉ាន់ ។

ការប្រឡងនេះ មានការចូលរួម ពីសិស្សានុសិស្សជាច្រើន មកពី១៧ប្រទេស និងសាលាដទៃទៀត ដូចជា សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ អ៊ូបេគីស្ថាន មីយ៉ាន់ម៉ា ចិន វៀតណាម ប៊ុលហ្គារី ហុងកុង កម្ពុជា និងបណ្ដាប្រទេសមួយចំនួនទៀត។

អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា ដែលបានរៀបចំ ការប្រឡងគណិតវិទ្យា យុវជនអន្តរជាតិអូឡាំព្យាដ លើកដំបូងបង្អស់ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ បានឲ្យដឹងថា ការប្រកួតប្រជែង គណិតវិទ្យាអន្តរជាតិ គឺនឹងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសផ្សេងៗក្នុងតំបន់អាស៊ី។ ចំពោះលក្ខខណ្ឌចូលរួម មានតែជ័យលាភីមេដាយមាស ពីការប្រឡងប្រជែងគណិតវិទ្យាអូឡាំព្យាដ របស់ប្រទេសសឹង្ហបុរី និងសាលាក្នុងតំបន់អាស៊ាន (SASMO៖ Singapore and Asian Schools Math Olympiad) ប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួម និងត្រូវបានជ្រើសរើស ដើម្បីតំណាងឱ្យប្រទេសរបស់ខ្លួន សម្រាប់ការប្រកួតជារៀងរាល់ឆ្នាំ។

IJMO មានបំណង ផ្តល់ឱកាសដល់សិស្សានុសិស្ស ដើម្បីធ្វើទំនាក់ទំនងរវាងគ្នានឹងគ្នា ព្រមទាំងប្រកួតប្រជែង ជាមួយគូប្រកួត ដែលមានសមត្ថភាពនៅក្នុងតំបន់អាស៊ី។

អំឡុងពេលនៃការរៀបចំការប្រកួត បេក្ខជនបរទេស បានធ្វើទស្សនកិច្ច នៅខេត្តសៀមរាប ដើម្បីស្វែងយល់ អំពីប្រាសាទអង្គរវត្ត និងសម្បត្តិ ប្រវត្តិសាស្ត្រ របស់ប្រទេសកម្ពុជា ដែល នេះជាឱកាសដ៏ល្អ ក្នុងការផ្លាស់ប្លូរបទពិសោធន៍វប្បធម៌៕