​(ភ្នំពេញ)៖ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ របស់នាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ និងមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅថៃ្ងទី​១៦ ខែ​សីហា ឆ្នាំ២០១៧ ដឹកនាំដោយ លោក គឿន ភិរុណ ជាអនុប្រធាននាយកដ្ឋាន បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ នៅតាមស្ថានីយ​មួយចំនួន ដែលមានទីតាំងនៅផ្លូវវេងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ច អ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ និងទប់ស្កាត់ការកែ្លងបន្លំ។

ការត្រួតពិនិត្យនេះ បានធ្វើឡើង ដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹត មានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីម៉ូទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ​២លីត្រ, ៥លីត្រ, ១០លីត្រ​ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតានប្រេងសាំងវិញ ​គឺប្រើប្រាស់ឧបករណ៍ Zx101xL និង Zx101C សម្រាប់វាស់អុកតាន ប្រេងសាំង Super(95) និងRegular(92)។

ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូ​០៣​កន្លែង នៅទីតាំងខាងលើនេះគឺ មាន​០២​កន្លែង មានអនុលោមភាពលើផ្នែកបរិមាណ និងគុណភាពប្រេងឥន្ធនៈ ចំណែកស្ថានីយ០១កន្លែងទៀត របស់ក្រុមហ៊ុន BVM (ប៉ែន សុធី៩៩) មានកង្វះបរិមាណប្រេងមិនឆ្លើយតប នឹងលេខកុងទ័រ ហើយលក់ប្រេងធម្មតា ជាប្រេងស៊ុបពែរទៅអ្នកប្រើ។

​ក្រុមមន្ត្រីត្រួតពិនិត្យ បានឲ្យម្ចាស់ស្ថានីយ​ធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ នៅមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងបានណែនាំឲ្យម្ចាស់ស្ថានីយបញ្ឈប់ការលក់សាំងធម្មតា ជាសាំងស៊ុបពែរ ដែលត្រូវមានសន្ទស្សន៍អុកតាន 95ពិតបា្រកដ។ ស្ថានីយ និងដេប៉ូទាំង៣ខាងលើ គឺបានដាក់លក់ប្រេង ឥន្ធនៈត្រឹមត្រូវទៅតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម​។

លោក គឿន ភិរុណ បានបញ្ជាក់​ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ ទូទាំងប្រទេសកម្ពុជា តាមលទ្ធភាពដែលអាចធើ្វបាន ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយ ក្រុមការងារចុះត្រួតពិនិត្យ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារ អ្នកប្រើប្រាស់។

​លោក​បានផ្តល់ការយល់ដឹង ដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ឲ្យពិចារណាជាមុន ក្នុងការជ្រើសរើសស្ថានីយប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មីលក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូត​ ដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ ពិនិត្យមើលលេខកុងទ័រ នៅពីចំណុចសូន្យជានិច្ច មុនពេលចាក់ តាមដានដំណើរការនៃលេខកុងទ័រ ដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេង រហូតដល់ចំនួនលីត្រចុងក្រោយដែលបានស្នើ ចំពោះថ្លៃប្រេងឥន្ធនៈរបស់ស្ថានីយ និងត្រូវប្រុងប្រយ័ត្ន ផ្នែកសុវត្ថិភាព ផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះ ពេលចាក់បំពេញប្រេងក្នុងស្ថានីយ៕