(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់ កាសែត The Cambodia Daily ដែលថា រាជរដ្ឋាភិបាលកម្ពុជាបានបំភិតបំភ័យ ឬតាមដានរាល់សកម្មភាពការងាររបស់អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស។

លោក ផៃ ស៊ីផា​ន បានចាត់ទុកថា ការចុះផ្សាយនេះ គឺជាការប្រឌិត និងចោទប្រកាន់ ដោយគ្មានមូលដ្ឋានពិតប្រាកដ ធ្វើឱ្យមតិសាធារណជនជាតិ និងអន្តរជាតិ មើលឃើញ និងយល់ខុស ផ្ទុយពីស្ថានភាព នៃសកម្មភាពការងារជាក់ស្តែងរបស់អង្គការមិនមែនរដ្ឋាភិបាល ទាំងនោះនៅក្នុងកម្ពុជា។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ ក្នុងនាមខ្ញុំជាអ្នកនាំពាក្យ សូមច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចបំភិតបំភ័យ ឬតាមដានរាល់សកម្មភាពការងារ របស់អង្គការមិនមែនរដ្ឋាភិបាល ផ្នែកសិទ្ធិមនុស្ស។ ការលើកឡើងនេះ ជាការបំភ័ន្ត និងប្រឌិត ធ្វើឱ្យ មតិសាធារណជនជាតិ និងអន្តរជាតិ មើលឃើញ និងយល់ខុស ផ្ទុយពីស្ថានភាព នៃសកម្មភាពការងារជាក់ស្តែងរបស់អង្គការមិនមែនរដ្ឋាភិបាល ទាំងនោះនៅក្នុងកម្ពុជា។

ការលើកឡើងនៅក្នុងអត្ថបទចេញផ្សាយដោយកាសែត The Cambodia Daily រឹតតែបង្ហាញ យ៉ាងច្បាស់អំពីភាពមិនសុច្ចរិត និងមិនប្រកបដោយវិជ្ជាជីវៈ សារព័ត៌មាន ដែលមាននិន្នាការ និងអាថ៌កំបាំងនយោបាយនៅពីខាងក្រោយ»។

លោកបានបន្តថា «ខ្ញុំសូមច្រានចោលទាំងស្រុង នូវខ្លឹមសារ នៃព័ត៌មាន ដែលបានចុះផ្សាយនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានបំពេញការងារ នៃកាតព្វកិច្ច ដែលមានចែងនៅក្នុងច្បាប់ នូវការ ទទួលខុសត្រូវទាំងស្រុង ក្នុងវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម។ កាតព្វកិច្ចនេះ គ្មានជនណា ឬអង្គការណា ដែលអាចជ្រៀតជ្រែកបាននោះឡើយ។ ខ្ញុំសូមឱ្យលោក BRENDAN O’BYRNE ពិនិត្យ និងកែសម្រួលសារជាថ្មី រាប់ទាំងគោល ជំហរ និន្នាការ នយោបាយរបស់ខ្លួន»