(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែសីហា​ ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ថែម ដោយបញ្ជាក់ពីការប៉ះពាល់ដោយសារ ភ្លៀងធ្លាក់ខ្លាំង ដែលលាយឡំនូវខ្យល់កន្ដ្រាក់ និង​រន្ទះ ដែលបណ្ដាលឲ្យប៉ើងដំបូងផ្ទះ រន្ទះបាញ់សម្លាប់ប្រជានេសាទ និងមានទឹកជន់លិចតាមភូមិសាស្ដ្រមួយចំនួន នៅស្រុកព្រៃនប់ និងស្រុកកំពង់សីលា។

យ៉ាងណាមិញ ស្ថានភាពអាកាសធាតុនៅថ្ងៃនេះ ភ្លៀងកំពុងបង្អុរចុះយ៉ាងខ្លាំងធ្វើឲ្យជន់លិចភូមិសាស្ដ្រមួយចំនួន នៅក្នុងស្រុកព្រៃនប់ ប៉ុន្ដែមិនទាន់បង្កជាគ្រោះមហន្ដរាយធ្ងន់ធ្ងរនៅឡើយទេ។

​លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យន្ដ មីន អភិបាលខេត្ត អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរស្រុកព្រៃនប់ កំពុងចុះពិនិត្យស្ថានភាពទូទៅ និងត្រៀមអន្ដរាគមន៍ជួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ដែលកំពុងរងគ្រោះដោយគ្រោះធម្មជាតិនេះ។

សូមជម្រាបថា លោក ចាន់ យុត្ថា អ្នកពាក្យក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងដូច្នេះថា ​«នៅថ្ងៃនេះឥទ្ធិពលសម្ពាធទាប ដែលបានកើតឡើង នៅសមុទ្រចិនខាងត្បូង បានធ្វើដំណើរមកដល់ផ្នែកខាងក្រោម នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលធ្វើឲ្យជះឥទ្ធិពលមកដល់ប្រទេសកម្ពុជា នាំឲ្យភ្លៀងនៅបន្ដកើតមាន នៅតាមមាត់សមុទ្រក្នុងខេត្តទាំង៤ ហើយភ្លៀងធ្លាក់នៅថ្ងៃនេះ នឹងបន្ដពង្រីកឥទ្ធិពលទៅកាន់តំបន់ទំនាបកណ្ដាលភាគខាងកើត រួមមាន៖ ខេត្តព្រៃវែង ខេត្តស្វាយរៀង បូកទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាលផងដែរ»

បើតាមអ្នកនាំពាក្យ ឥទ្ធិពលដដែលនេះ​នឹងបន្ដកើតមានឡើង នៅថ្ងៃទី១៨​-១៩ នៅតំបន់ទំនាបកណ្ដាលភាគពាយព្យ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម បូករួមទាំងតំបន់ខ្ពស់រាបផងដែរ ហើយឥទ្ធិពលនេះនឹងថយទៅវិញ នៅថ្ងៃទី២០ ខែសីហា៕