(ភ្នំពេញ)៖ សកម្មភាពតវ៉ាដែលភាគច្រើនបំផុតនៅលើជម្លោះដីធ្លីតាមបណ្ដារាជធានី-ខេត្ត ដែលបានកើតឡើងស្ទើរជារៀងរាល់ថ្ងៃតាមរយៈ លើកគ្នាយកញ្ញតិទៅ ដាក់នៅតាមស្ថានទូត នៅតាមក្រសួងពាក់ព័ន្ធ​ ក៏ដូចជានៅខុទ្ទកាល័យនាយករដ្ឋមន្ដ្រីនោះ ត្រូវបានគេមើលឃើញថា ត្រូវបានរៀបចំឡើងដោយមានការអ្នកចាត់តាំង​យ៉ាងច្បាស់លាស់ ដែលអ្នករៀបចំទាំងនោះគឺជា អង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលបានទទួលជំនួយពីបរទេស មកធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា។

ប៉ុន្ដែបញ្ហាដីធ្លីខ្លះក៏ដូចជា៖ បញ្ហាសង្គមមួយចំនួន គឺកើតមានឡើងយ៉ាងពិតប្រាកដដោយប្រជាពលរដ្ឋ អ្នករៀបចំខ្លូនឯងដោយមានតំណាងរបស់ខ្លួន ដើម្បីចង់ឲ្យថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ក៏ដូចជាតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ដោះស្រាយជូនពួកគាត់យ៉ាងពិតប្រាកដ។

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ អង្គភាពព័ត៌មាន Fresh News បានទទួលលិខិតមិត្តអ្នកអានមួយច្បាប់ ដែលបានលើកឡើង និងបញ្ចេញទស្សនៈ មួយចំនួន ពាក់ព័ន្ធសកម្មភាពតវ៉ាលើរឿងជម្លោះដីធ្លី ក៏ដូចជា បញ្ហាសង្គមមួយចំនួន ដែលបានត្រូវគេមើលឃើញថា កើតឡើងស្ទើរជារៀងរាល់ថ្ងៃជាពិសេស នៅក្នុងរាជធានីភ្នំពេញតែម្ដង​។

នៅក្នុងលិខិតមិត្តអ្នកអាន ដែលអ្នកសរសេរអាចជាបុគ្គលស្វែងយល់បានច្រើនពីបញ្ហាសង្គមទាំងនេះ បានបញ្ចេញទស្សនៈរបស់ខ្លួនថា ការតវ៉ាក៏ដូចជា ការដង្ហែញ្ញតិ យកទៅដាក់នៅតាមស្ថានទូតនានា នៅខុទ្ទកាល័យនាយករដ្ឋមន្ដ្រី ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធនានានោះ គឺមានអង្គការសង្គមស៊ីវិល ក៏ដូចជាអង្គការក្រៅ រដ្ឋាភិបាលមួយចំនួន បានរៀបចំជាសេនារីយ៉ូយ៉ាងជាក់ស្ដែងដូចជា ការរៀបចំសេចក្ដីប្រកាសជូនព័ត៌មាន ដល់មជ្ឈមដ្ឋាននានា ក៏ដូចជាអ្នកសារព័ត៌មាន ដើម្បីឲ្យទៅយកព័ត៌មានពីបញ្ហាមួយនេះ។

ជាមួយគ្នានេះ ការតវ៉ាកន្លងទៅគេតែងតែសង្កេតឃើញជនបរទេសមួយក្ដាប់តូច បង្ហាញវត្តមានជាប្រចាំដើម្បីឃ្លាំមើល និងតាមដានពីសកម្មភាពទាំងនេះ ហើយវត្តមានរបស់ពួកគេ តែងតែកើតឡើងនៅក្នុងអំឡុងការតវ៉ានានា។

ជាក់ស្ដែងដូចជាការតវ៉ារបស់ប្រជាពលរដ្ឋ នៅសហគមន៍មួយចំនួន ក្នុងខេត្តកោះកុង ពីបញ្ហាដីធ្លីនោះ គឺមុនមានសកម្មភាពដង្ហែញ្ញតិ យកទៅដាក់នៅតាមស្ថានទូតអ៊ីរ៉ុប និងខុទ្ទកាល័យរបស់នាយករដ្ឋមន្ដ្រី គឺពួកគេបានរៀបចំជាសេចក្ដីជូនដំណឹងមួយ ដល់សាធារណជន និងអ្នកសារព័ត៌មាន ដោយមានការរៀបចំយ៉ាងច្បាស់លាស់ទៀតផង។

ខាងក្រោមនេះជាសេចក្តីជូនព័ត៌មាន ដែលមានការចាត់តាំង និងរៀបចំយ៉ាងច្បាស់លាស់៖ «ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក សហគមន៍ ជីខក្រោម សហគមន៍ជីខលើ សហគមន៍ដងពែង និងភូមិតាំកន់នៅខេត្តកោះកុង នឹងទៅតាមដានញ្ញតិ្ត របស់ពួកគាត់ដែលបានដាក់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅខុទ្ទកាល័យសម្តេច ហ៊ុន សែន ដើម្បីជំរុញឲ្យមានការដោះស្រាយបញ្ហាដីធ្លីរបស់គាត់ឲ្យបានឆាប់រហ័ស។ ហើយនៅថ្ងៃទី១៧ ខែសីហា វេលាម៉ោង២រសៀលនេះ ដែលសហគមន៍កោះកុងទាំងបួនខាងលើ និងទៅតាមញ្ញតិ្តនៅស្ថានទូតអឺរ៉ុប ដើម្បីឲ្យស្ថានទូតនេះទៅអន្តរគមន៍ជាបន្ទាន់ទៅសម្តេច ហ៊ុន សែន។ អាស្រ័យដែល បានជម្រាបខាងលើ សូមគោរពអញ្ជើញអង្គការស៊ីវិលទាំងអស់ ព្រមទាំងអ្នកសារព័ត៌មានមេត្តាតាមឃ្លាំមើល និងយកព័ត៌មានផង។»។

ដូច្នេះក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប សូមឲ្យស​មត្ថកិច្ចពាក់ព័ន្ធ ជួយពិនិត្យមើលបញ្ហាទាំងនេះផង តើជនបរទេសទាំងនោះ ដើរតួនាទីអ្វីខ្លះ ដែលពួកគេតែងតែបង្ហាញវត្តមាន ជាប្រចាំ នាអំឡុងការតវ៉ារបស់ប្រជាពលរដ្ឋ មានជម្លោះដីធ្លីទាំងនេះ !