(ភ្នំពេញ)៖ ក្មេងកំព្រា ជនអនាថា​ជាង៩០០នាក់ ត្រូវបានលោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើសមាហរណកម្ម​ប្អូនៗ​យុវជន​ និងក្មេងៗកំព្រា អនាថាដើរសុំទានតាមដងផ្លូវ តាមភ្លើងស្តុប ឬក្មេងខ្សោយសតិបញ្ញា ទៅក្នុងសង្គម​តាមរយៈអង្គការជាដៃគូ ចំនួន​៣៥អង្គភាព ដើម្បីឲ្យពួកគេ​មានចំណេះ ជំនាញខ្លះៗ ក្នុងការចិញ្ចឹមជីវិត​ទៅថ្ងៃអនាគត​។

លោក សន សុផល បានលើកឡើងបែបនេះ ខណៈលោកបានជូនដំណើរ ជនអនា​ថា ក្មេងកំព្រា ក្មេងខ្សោយសតិបញ្ញា ក្មេងដើរសុំលុយតាមដងផ្លូវ តាមភ្លើងស្តុប ទៅតាមអង្គការ​ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈ​ដល់ពួកគេ ជាង៩០០នាក់ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន រាជធានីភ្នំពេញ​។

លោក សន សុផល បានបញ្ជាក់ទៀតថា នេះគឺជាឆ្លើយតបទៅសកម្មភាពមនុស្សធម៌ ជំរុញមិនឲ្យមាននរណាម្នាក់ថា ស្លាប់ដោយគ្មានបាយទទួលទាន ឬដោយសារអាជ្ញាធរ យើងមិនបានដឹងនោះទេ​។​ ជាមួយគ្នានេះ លោកប្រធានមន្ទីរ ក៏អរគុណដល់អង្គការជាដៃគូ ដែលបានសហការទទួលយកកុមារអនាថា ក្មេងកំព្រា ឬជនមានសតិមិនប្រក្រតីទាំងនេះ ទៅបណ្តុះបណ្តាល​ផ្តល់ជំនាញដល់ពួកគាត់​។

ឆ្លើយតបចំពោះអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណាស្មីត ដែលបារម្ភអំពីការហូបចុក និងការស្នាក់នៅរបស់ជនអនាថា នោះ លោក សន សុផល បានបញ្ជាក់ថា សូមកុំបារម្ភកន្លែងស្នាក់នៅ និងការហូបចុកនោះ គឺ​អង្គភាពមានការយកចិត្តទុកដាក់ និងផ្គត់ផ្គង់សមរម្យហើយ ហើយបើលោកស្រីបារម្ភ សូមជួយឧបម្ភត្ថដល់ការខ្វះខាត ដូចជាការសាងសង់អគារបន្ថែម ដើម្បីសម្រួលការខ្វះខាតនេះ​។

​ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានថ្លែងថា ស្ទើរជារៀងរាល់ខែ មន្ទីរបានធ្វើសមាហរណកម្ម ក្រុមជនអនាថា ដែលពួកគាត់ស្នាក់នៅតាមទីសាធារណៈ​ តាមចិញ្ចើមថ្នល់ វត្តអារាម តាមផ្សារនានាក្នុងរាជធានី ដែលអាជ្ញាធរតាមខណ្ឌយកមកដាក់មណ្ឌលសំចតសង្គមកិច្ចនេះ​។ បើតាមលោកប្រធានមន្ទីរ ​ក្នុងឆមាសទី១ មន្ទីរសង្គមកិច្ចបានទទួលក្រុមជនអនាថា បានចំនួនជាង៩០០នាក់ហើយ​។

ដោយឡែកចំពោះក្មេងៗ ដែលមានឪពុកម្តាយ​បណ្តោយឲ្យកូនៗដើរសុំទានតាមផ្លូវនោះ បើចង់យកកូនៗត្រឡប់ទៅវិញ គឺខាងអង្គការ ជួយបងៀនជំនាញរយៈពេលកន្លះឆ្នាំសិន ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ៕