(ភ្នំពេញ)៖ ដោយមានការស្នើសុំពីសំណាក់អាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ​ នៅព្រឹកថ្ងៃទី​១៧​ ខែ​សីហា​ ឆ្នាំ​២០១៧នេះ​ លោក​ តាំង​ សុនឡាយ​ ប្រធានសាលា​ដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ និងអនុញ្ញាតឲ្យតំណាងអយ្យការដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ​ ចុះឆែកឆេរឃ្លាំងទទួលបញ្ចាំរថយន្ត​ និងម៉ូតូដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិកំរៀង​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ សង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើស។

ជុំវិញប្រតិបត្តិការចុះឆែកឆេរឃ្លាំងខាងលើ ដឹកនាំដោយផ្ទាល់ពីសំណាក់លោក​ កុល​ បុន​ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ​ និងលោក​ នុត​ ពុធដារ៉ា​ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដង្កោ​ ដោយមានការចូលរួម​ពី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ អធិការខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ រួមនឹងកម្លាំងសមត្ថកិច្ចជាច្រើនទៀត ហើយចំពោះប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញរថយន្ត​សរុបចំនួន​៣៣គ្រឿង។

យ៉ាងណាក៏ដោយមន្រ្តីនគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា នៅក្នុងឃ្លាំងមួយនេះ​ សមត្ថកិច្ចបានពិនិត្យ​ទៅលើឯកសារទទួលបញ្ចាំយាន្តយន្តទាំង៣៣គ្រឿងនោះ​ គឺពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីទេ​ ដោយមានឯកសារទទួលបញ្ចាំត្រឹមត្រូវ។

​គួរបញ្ជាក់ថា​ ក្រោយពីលោក ឃួង​ ស្រេង​ អភិបាល នៃអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យកម្លាំងអាជ្ញាធរ​ សមត្ថកិច្ចគ្រប់បណ្តាខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ ចេញប្រតិបត្តិការត្រួតពិនិត្យមើលច្បាប់ទម្លាប់គ្រប់ទីតាំងឃ្លាំងទទួលបញ្ចាំ ទើបអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោ​ បានចុះត្រួតពិនិត្យតាមមូលដ្ឋាន ហើយសង្កេតឃើញឃ្លាំងខាងលើដែលមានម្ចាស់ឈ្មោះ​ ឃឹម​ យោល​ ភេទប្រុស​ អាយុ​៥៦ឆ្នាំ​ មានទទួលបញ្ចាំរថយន្ត និងម៉ូតូ​ ដូច្នេះសមត្ថកិច្ច​ មានការសង្ស័យទីតាំងនេះ​ អាចជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ​ ទើបសមត្ថកិច្ចក៏បានធ្វើលិខិតស្នើសុំទៅ​ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំដីកាចុះឆែកឆេរទីតាំងឃ្លាំងតែម្តងទៅ​។

ប៉ុន្តែក្រោយទទួលបានដីកាអនុញ្ញាតពីប្រធានសាលាដំបូងរាជធានីភ្នំពេញហើយនោះ​ ទើបនៅព្រឹកថ្ងៃទី​១៧​ ខែ​សីហា​ ឆ្នាំ​២០១៧នេះ​ សមត្ថកិច្ចចម្រុះ ក៏ចុះឆែកឃ្លាំង រកឃើញរថយន្ត ដែលយកមកបញ្ចាំចំនួន​៣៣​គ្រឿង​ ដែលឯកសារទទួលបញ្ចាំត្រឹមត្រូវ​ ហើយមិនមានរកឃើញអ្វីដែលពាក់ព័ន្ធនឹងបទល្មើសឡើយ​ណាមួយទីតាំងក៏មានច្បាប់ដែរ ដូច្នេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ បានសម្រេចដកកម្លាំងចេញពីទីតាំងឃ្លាំងខាងលើ និងប្រគល់រថន្តទាំង៣៣គ្រឿងនោះ ទៅម្ចាស់ឃ្លាំងប្រកបអាជីវកម្ម ធម្មតាវិញ​។

សូមបញ្ជាក់បន្ថែមថា ​ប៉ុន្មានថ្ងៃនេះគេសង្កេតអាជ្ញាធរទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ បានចេញសកម្មភាពយ៉ាងសកម្ម ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងេតបង្កប់ល្បែងស៊ីសង​គ្រប់ប្រភេទ​ និងឆែកឃ្លាំងបញ្ចាំជាច្រើនកន្លែងផងដែរ៕