(ក្រចេះ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ លោក ញ៉ិល ប៊ុនលី នៅល្ងាច​ថ្ងៃទី១៧ ខែសីហា​ ឆ្នាំ២០១៧នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន មន្ដ្រីរដ្ឋបាល ព្រៃឈើផ្នែកឆ្លូងខេត្តក្រចេះ លោក ឃួន ជីវិន បន្ទាប់ពីព្រះរាជអាជ្ញា​សម្រេចចោទ​ប្រកាន់ចំនួន២បទល្មើស ពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់ពីអ្នកបើករថយន្ដដឹកជន្លង់ម្រេច កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់លោកចៅក្រម ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។​

សូមជម្រាបថា ព្រះរាជអាជ្ញារង ជា សុភ័ក្រ បានសម្រេចចោទប្រកាន់ចំពោះមន្ដ្រីរូបនេះ ចំនួន២បទល្មើសគឺ ទី១៖ រំលោភអំណាចតាមមាត្រា៣៥ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ និងទី២ អនុគ្រោះចំពោះបទល្មើសព្រៃឈើដោយមន្ដ្រីរដ្ឋបាលព្រៃឈើ តាមមាត្រា១០១ កថាខណ្ឌទី៣ នៃច្បាប់ព្រៃឈើ​។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែត និងមន្រ្តីក្រសួងយុត្តិធម៌យ៉ាងដូច្នេះថា «ករណីខេត្តក្រចេះ អបព បានឃាត់ខ្លួនលោក ឃួន ជីវិន មន្ត្រីរដ្ឋបាល ព្រៃឈើផ្នែកឆ្លូង ខេត្តក្រចេះ ឆ្នាំកំណើត ១៩៧៤ នៅថ្ងៃទី១៦ ខែសីហា ម៉ោង១៧៖០០។ ព្រះរាជអាជ្ញាអនុញ្ញត្តឲ្យ អបព បន្តនីតិវិធីរបស់ខ្លួន អបព មានពេល៤៨ម៉ោង ពោលគឺរហូតដល់ម៉ោង១៧៖០០ ថ្ងៃសុក្រទី១៨ ខែសីហា ឆ្នាំ២០១៧ ដើម្បីកសាងបែបបទបញ្ជូន ទៅតុលាការ។ ប៉ុន្តែនៅម៉ោង១៤៖០០ថ្ងៃ នេះ អបព បានបញ្ចប់និតិវិធីហើយបាន បញ្ជូនជនសង្ស័យដល់ដៃ ព្រះរាជអាជ្ញាមុនពេលកំណត់»

សូមបញ្ជាក់ថា ប្រធានមន្ទីរកសិកម្មខេត្ត​ក្រចេះនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បានចេញសេចក្ដីសំរេច​ផ្លាស់​មន្ត្រីរដ្ឋបាល​ព្រៃឈើផ្នែកឆ្លូង​ម្នាក់ ឲ្យទៅបំរើការងារ​នៅខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្តក្រចេះវិញ ដែលការ​សម្រេច​ដកនេះ ត្រូវបានគេអះអាង​ថាបន្ទាប់ពីឃ្លិបវីដេអូមួយ​ត្រូវបានគេបង្ហោះ​នៅតាមបណ្ដាញទំនាក់​ទំនងសង្គមហ្វេសប៊ុក ស្ដីពីសកម្មភាពមន្ត្រីមេព្រៃខាងលើ​បើករថយន្តទៅជំរិត​ទារលុយពីប្រជាពលរដ្ឋរកសុីដឹក​ជន្លង់ម្រេចនាពេលថ្មីៗនេះ។

មន្ត្រីមេព្រៃដែលត្រូវបានប្រធានមន្ទីរសម្រេចផ្លាស់ចេញនេះ ត្រូវបានគេស្គាល់ឈ្មោះឃួន ជីវិន។ ក្នុងនោះយោងតាមព័ត៌មានបានអោយដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីបានទៅបំរើការងារនៅផ្នែករដ្ឋបាលព្រៃឈើឆ្លូងថ្មីៗ លោកឃួន ជីវិន បានបានបើករថយន្តម៉ាកហាយឡេនឌ័រទៅស្ទាក់ចាប់រថយន្តតួរីសដឹកជន្លង់ម្រេចនៅចំណុចភូមិព្រិច ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដើម្បីជំរិតយកប្រាក់ក្នុងមួយរថយន្ត១០ដុល្លារ ដោយលោកសំអាងថាអ្នករកស៊ីដឹកជន្លង់ម្រេចទាំងអស់នោះ មិនប្រាប់លោកអោយដឹងមុនបើទោះបីជាអ្នករកសុីបានឆ្លើយថាខ្លួនមិនបានដឹងលោកមកកាន់ការងារថ្មី និងសុំបង់ត្រឹម១មុឺនរៀលដូចគេដូចឯងក៏លោកឃួន ជីវិនមិនព្រមនោះដែរ ដោយលើកហេតុផលថាមុនដំបូងត្រូវបង់១០ដុល្លារ ព្រោះលោកត្រូវការចំណាយច្រើន ចាំលើកក្រោយចាំបង់ដូចគេដូចឯង។

ការបែកធ្លាយឃ្លិបវីដេអូខាងលើដែលទំនងថតដោយអ្នកបើករថយន្តដឹកជន្លង់ម្រេចនេះ បានធ្វើអោយសាធារណជននាំគ្នារិះគន់យ៉ាងខ្លាំង ព្រោះឈ្មួញធំៗ និងឧកញ៉ាមួយចំនួនរកស៊ីដឹកឈើហូហែ កម្រឃើញមេព្រៃចាប់បានណាស់ បែរជាទៅចាប់ប្រជាពលរដ្ឋក្រីក្រ រកស៊ីដឹកឈើជន្លង់ម្រេចមួយថ្ងៃគ្រាន់រស់មួយថ្ងៃទារលុយទៅវិញ។

ខាងក្រោមនេះ ជាឃ្លិបវីដេអូបង្ហាញពីសកម្មភាពរបស់មន្ត្រីមេព្រៃឈ្មោះឃួន ជីវិន ជំរិតទារលុយពីរថយន្តដឹកជន្លង់ម្រេច៖