(ភ្នំពេញ)៖ បន្ទាប់ពីបណ្តាញទំនាក់ទំនងសង្គម Facebook ទម្លាយឯកសារមួយចំនួនបង្ហាញថា «វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា NDI ជួយរៀបចំ យុទ្ធសាស្រ្តឲ្យគណបក្សប្រឆាំង ដើម្បីផ្តួលរំលំគណបក្សកាន់អំណាច នៅក្នុងការបោះឆ្នោត២០១៧-២០១៨», នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) បានចេញសេចក្តីបំភ្លឺមួយដោយផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News ថា វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ (NDI) បានធ្វើការជាមួយគណបក្សនយោបាយកម្ពុជា បេក្ខជន សង្គមស៊ីវិល និងប្រជាពលរដ្ឋកម្ពុជាដើម្បី ជំរុញឲ្យមានអភិបាលកិច្ចដែលមានតម្លាភាព និងការចូលរួមនយោបាយទាំងអស់គ្នា។

ការចេញសេចក្តីបំភ្លឺរបស់ NDI នៅរសៀលថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីកាលយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ បណ្តាញទំនាក់ទំនងសង្គម Facebook មួយឈ្មោះ កូនខ្មែរ បានទម្លាយនូវឯកសារបណ្តុះបណ្តាលរបស់ NDI (វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា) រៀបចំសម្រាប់ CNRP នៅខែមិនា ឆ្នាំ២០១៧ ដែលបង្ហាញយ៉ាងច្បាស់ពីគម្រោងផែនការទុច្ចរិត ដែលអង្គការក្រៅរដ្ឋាភិបាលមួយនេះ រៀបចំយុទ្ធសាស្ត្រ និងល្បិចកលសម្រាប់ជួយ CNRP ដើម្បីដណ្តើមប្រៀបឈ្នះលើបក្សប្រជាជនកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន។

វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) បានចេញសេចក្តីបំភ្លឺ ជុំវិញសកម្មភាពរបស់ខ្លួនជាង២៥ឆ្នាំនៅកម្ពុជាមានខ្លឹមសារថា៖

ជាង២៥ឆ្នាំមកនេះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) បានធ្វើការជាមួយគណបក្សនយោបាយកម្ពុជា បេក្ខជន សង្គមស៊ីវិល និងប្រជាពលរដ្ឋកម្ពុជា ដើម្បីជំរុញឲ្យមានអភិបាលកិច្ចដែលមានតម្លាភាព និងការចូលរួមនយោបាយទាំងអស់គ្នា (Inclusive Political Participation) ដែលបំរើនូវឧត្តមប្រយោជន៏ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ បច្ចុប្បន្ននេះវិទ្យាស្ថានជាតិ NDI កំពុងតែអនុវត្តនូវកម្មវិធីរយ:ពេលបួនឆ្នាំ ដើម្បីពង្រឹងនូវតួនាទីរបស់ពលរដ្ឋនៅក្នុងដំណើរការ នយោបាយ បង្កើតលំហរ សម្រាប់ការចូលរួមនយោបាយដោយស្ថាបនា ហើយនឹងពង្រឹងលើកស្ទួយនូវគណនេយ្យភាពរបស់រដ្ឋាភិបាលអោយកាន់ធំទូលាយ។ កម្មវិធីនេះបានចាប់ផ្តើមអនុវត្ត ក្នុងឆ្នាំ២០១៥ និងគាប់ជួនពេលគ្នាជាមួយនឹងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨ ។

ក្នុងកំឡុងខែមករា កុម្ភ: មិនា និងខែមេសា ឆ្នាំ២០១៧ វិទ្យាស្ថានជាតិ NDI បានផ្តល់ការបណ្តុះបណ្តាលដល់គណបក្សប្រជាជនកម្ពុជា (CPP) គណបក្ស សង្រ្គោះជាតិ (CNRP) និងគណបក្សនយោបាយចំនួនបីផ្សេងៗទៀតលើប្រធានបទបណ្តុះបណ្តាលផ្សេងៗគ្នា ។

វិទ្យាស្ថានជាតិ NDI បានផ្តល់នូវឱកាសដល់គណបក្សនីមួយៗ ដើម្បីបង្ហាញអ្វីដែលពួកគេចង់ទទួលបាននូវការបណ្តុះបណ្តាលពីវិទ្យាស្ថាន។ យើងអាចប្រាប់អ្នកពី គណបក្សនយោបាយជាក់លាក់ សម្រាប់សួរនាំព័ត៌មានលម្អិតស្តីពីការបណ្តុះបណ្តាលទាំងនេះ។

វិទ្យាស្ថានជាតិ NDI គឺជាអង្គការមិនប្រកាន់បក្សពួក ឬមាននិន្នាការទៅរកគណបក្សនយោបាយណាមួយឡើយ ហើយធ្វើការជាដៃគូជាមួយគ្រប់គណបក្សនយោបាយ ធំៗទាំងអស់ ។ ការងាររបស់វិទ្យាស្ថានជាតិ NDI គឺផ្តោតលើការពង្រឹងដំណើរការប្រជាធិបតេយ្យ ដែលផ្តល់ផលប្រយោជន៏ ដល់គណបក្សនយោបាយ និងអ្នកបោះឆ្នោតដូចៗគ្នា។

វិទ្យាស្ថានជាតិ NDI បានដាក់ពាក្យចុះបញ្ជីជាផ្លូវការនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៦ ហើយវិទ្យាស្ថាន ទន្ទឹងរង់ចាំនូវការពិនិត្យយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា៕