(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសនៅមុខអាជីវករផ្សារប្រម៉ោយថា បន្ទាប់ពីបានស្រង់បច្ចុប្បន្នភាព ចប់សព្វគ្រប់ហើយនោះ លោកនឹងឲ្យអភិបាលស្រុក និងផ្នែកជំនាញសុរិយោដី គូសប្លង់ និងឡើងប្លង់សារជាថ្មី សម្រាប់ទីតាំងលក់បន្លែ សាច់ គ្រឿងទេស និងគ្រឿងសម្អាង ហើយបើពេញចិត្ត ឬឯកភាពគ្នាជារួមហើយនោះ លោកនឹងបន្តសម្រេចឲ្យចាប់ឆ្នោត ទៅតាមទីតាំងនីមួយៗ។

ការប្រកាសរបស់លោក ម៉ៅ ធនិន ជាការឆ្លើយតបភ្លាមៗ ទៅនឹងសំណូមពរអាជីវករ ក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជាមួយបងប្អូនអាជីវករផ្សារប្រម៉ោយ ក្នុងទីរួមស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ម៉ៅ ធនិន បានថ្លែងថា ការចុះមកនាពេលនេះ គឺជាទម្លាប់របស់លោក​ក្នុងការត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការចាក់ដីចូលផ្សារ និងស្រង់បច្ចុប្បន្នភាពអាជីវករផ្សារសព្វថ្ងៃ ជាពិសេសលើកកម្ពស់ថែទាំអនាម័យ បរិស្ថាន រក្សាសន្តិសុខ សុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ។

នៅចំពោះមុខអាជីវករទូទាំងផ្សារប្រម៉ោយ លោកអភិបាលខេត្ត បានឲ្យដឹងថា បើមានឱកាសលោកនឹងអញ្ជើញបងប្អូនអាជីវករទូទាំងផ្សារ មកជួបជុំគ្នាម្តង ដើម្បីលើកពីបញ្ហាប្រឈម និងសំណូមពរ​រួមគ្នាដោះស្រាយ ឲ្យដូចជាគ្រួសារតែមួយ។

បន្ថែមពីនោះ លោកអភិបាលខេត្ត បានទទួលដោះស្រាយសំណូមពររបស់បងប្អូនអាជីវករ ទាក់ទងទៅនឹងផ្លូវចូលទីសត្វឃាតមានសភាពតូចចង្អៀត ពេលភ្លៀងម្តងៗ ពិបាកចេញចូល និងបានទុកពេល​១០ថ្ងៃ ឲ្យអាជ្ញាធរស្រុក​សហការចាក់ដីឲ្យបានស្អាតល្អ ដើម្បីសម្រួល និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។

ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន បានបន្តទទួលដោះស្រាយទំនាស់ដីធ្លី ត្រង់ចំណុចដូននាគ និងបញ្ហាប្រឈមមួយចំនួន ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅសាលាស្រុកវាលវែង និងបានផ្តល់ស្បៀងជូនដល់ពួកគាត់ សម្រាប់ប្រើប្រាស់ និងដោះស្រាយជាបឋម ព្រមទាំងទទួលបាយទឹកហូបចុកទាំងអស់គ្នា ក្នុងលក្ខណៈជាគ្រួសារផងដែរ៕