(ភ្នំពេញ)៖ អ្នកឃើញហេតុការណ៏ផ្ទាល់ភ្នែក ក៏ដូចអ្នកលេងហ្វេសប៊ុក បាននាំគ្នាធ្វើការរិះគន់រថយន្តដឹកទំនិញរបស់លោក ផ្កាយ៣ ហាក់ ម៉ៅ ថាបានដឹកទំនិញសំពីងសំពោង និងដឹកលើសទម្ងន់នៅតាមដងផ្លូវជាតិ និងផ្លូវក្នុងក្រុងភ្នំពេញស្ទើរាល់ថ្ងៃ យប់ រហូតដល់បង្កគ្រោះថ្នាក់ចរាចរបើកបុកតួស្ពានអាកាសស្ទឹងមានជ័យដែលមានកំពស់៥ម៉ែត្រទៀតផង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុច ក្រោមស្ពាន​អាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តដឹកទំនិញធុនធំ ដែលមានឡោ​ហ្គោ​សំគាល់អក្ស (M70) ដែលជាទូទៅគេស្គាល់ថាជារបស់លោកផ្កាយ៣ ហាក់ ម៉ៅ នេះ ពាក់ស្លាកលេខក្រុង ប៉ៃលិន 3A-0051 បានផ្ទុកទំនិញយ៉ាងខ្ពស់និងពេញរថយន្ត បើកពីក្រោមស្ពានអាកាសស្ទឹងមានជ័យ។ លុះដល់ចំណុច កើតហេតុ ដោយសារតែកម្ពស់ទំនិញដែលដឹកនោះខ្ពស់ខ្លាំងពេកក៏បណ្តាលអោយបុកជាមួយនឹងបំពង់ទុយោទឹក ដែល បំពាក់នៅជាប់ធ្នឹមស្ពានខាងលើ បណ្តាលអោយបាក់ រួចបន្តទាក់ជាមួយនឹងខ្សែភ្លើងរួមទាំងអំពូលភ្លឺបំភ្លឺស្ពាន បន្ថែមទៀត បណ្តាលអោយរងការខូចខាតតែម្តងទៅ។

ក្រោយបង្កគ្រោះថ្នាក់បែបនេះ សមត្ថកិច្ច បានទៅអូសយកទៅទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បី ដោះស្រាយតាមច្បាប់។ប៉ុន្តែ​សាធារណជនដែលឃើញហេតុការណ៏ផ្ទាល់ ក៏ដូចអ្នកឃើញរូបភាពតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក បាននាំគ្នាធ្វើការរិះគន់ទៅលើសមត្ថកិច្ចដែលឈរជើងនៅតាមដងផ្លូវដែលមិនព្រមមានចំណាត់ការចាប់ឃាត់ ធ្វើការផាកពិន័យអោយរៀងចាល រួមទាំងរិះគន់ទៅលើលោកផ្កាយ៣ហាក់ ម៉ៅ ផងដែរ ព្រោះអាងខ្លួនមានបុណ្យស័ក្ដិ តួនាទីខ្ពង់ខ្ពស់ មិនគិតរកសុី ដឹកជញ្ជូនគោរពច្បាប់ដើម្បីជាគំរូអោយប្រជាពលរដ្ឋធ្វើតាមទេ បែរជាយកតួនាទី យកផ្កាយទៅ រកសុីដឹកទំនិញល្មើសច្បាប់ទៅវិញ។

កូននគរបាលចរាចរដែលឈរនៅតាមដងផ្លូវបានលួចប្រាប់ Fresh News ថា បច្ចុប្បន្នពួកគេហៅ ផាកបានតែអ្នកជិះម៉ូតូ ផាក រថយន្តដឹកទំនិញកំបុិកកំប៉ុកទេ តែហ៊ានជាមួយរថយន្តធំៗ បើមិនជ្រុះស័ក្ដិពីលើស្មាឬប្រឈមមុខទៅនឹងការផ្លាស់ប្ដូរ ដកតួនាទី ទេហ៊ានភ្នាល់ ជាពិសេសរថយន្តដឹកទំនិញល្មើសច្បាប់ដែលមានសញ្ញាសំគាល់អក្សរ M70 នេះតែម្ដង៕